រាជធានីភ្នំពេញ ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានធ្វើជំនួបពិភាក្សាការងារជាមួយគណៈប្រតិភូ Baiyi Club ដឹកនាំដោយលោក វ៉ាង យ៉ុង (Wang Yong) ប្រធានក្រុមហ៊ុន TopBrand Union, ស្ថាបនិក Baiyi Club និងជាប្រធាន China Brand Festival កាលពីថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ ២០២៥។ ក្នុងជំនួបនោះ លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានកត់សម្គាល់ឃើញថា វត្តមានរបស់ម៉ាកយីហោល្បីៗរបស់ចិនកំពុងតែលេចឡើង និងមានប្រជាប្រិយភាពយ៉ាងខ្លាំងនៅកម្ពុជា ជាពិសេសក្នុងវិស័យយានយន្ត និងគ្រឿងអេទ្បិចត្រូនិក។
តាមរយៈជំនួបដ៏សំខាន់នេះ លោកអគ្គលេខាធិការបានសម្តែងក្តីសង្ឃឹមយ៉ាងមុតមាំថា គណៈប្រតិភូដែលជាសមាជិកនៅក្នុងសម្ព័ន្ធធុរកិច្ច Baiyi Club នឹងបន្តនាំយកម៉ាកយីហោល្បីៗរបស់ចិនជាច្រើនទៀត ក៏ដូចជាជំរុញវិនិយោគិនចិនមកបណ្តាក់ទុនវិនិយោគនៅកម្ពុជាកាន់តែច្រើនឡើង។

ប្រភពពី ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងទៀតថា លោកអគ្គលេខាធិការក៏បានជម្រាបជូនគណៈប្រតិភូពីទំនាក់ទំនងការទូត និងទំនាក់ទំនងមិត្តភាពដ៏រឹងមាំរវាងកម្ពុជា-ចិន ដែលត្រូវបានថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់នៃប្រទេសទាំងពីរយកចិត្តទុកដាក់ខ្ពស់។ លោកក៏បានលើកឡើងពីភាពល្អប្រសើរនៃស្ថានភាពវិនិយោគនៅកម្ពុជាដែលមានភាពបើកចំហ និងអំណោយផលយ៉ាងខ្លាំង ដោយឆ្លុះបញ្ចាំងតាមរយៈកំណើនវិនិយោគគួរឲ្យកត់សម្គាល់។ រីឯទំហំវិនិយោគរបស់ចិននៅតែរក្សាបាននូវចំណាត់ថ្នាក់លេខ ១ ក្នុងរយៈពេលមួយទស្សវត្សរ៍នេះ។

មួយវិញទៀត លោកអគ្គលេខាធិការក៏បានជម្រាបជូនថា កម្ពុជាបានមានគំនិតផ្តួចផ្តើមឧស្សាហកម្មសមាហរណកម្ម (Integrated Industrial Initiative) សំដៅចាប់យកនូវការវិនិយោគរបស់ចិនក្នុងចង្កោមឧស្សាហកម្មដែលអាចធានាដល់ខ្សែច្រវាក់ផ្គត់ផ្គង់ ពិសេសការផលិតវត្ថុធាតុដើម និងផលិតផលពាក់កណ្តាលសម្រេច។ ក្នុងន័យនេះលោកអគ្គលេខាធិការបានស្នើឱ្យគណៈប្រតិភូគិតគូរពីការវិនិយោគក្នុងការផលិតវត្ថុធាតុដើម ឬផលិតផលពាក់កណ្តាលសម្រេចនៅកម្ពុជាដែលបច្ចុប្បន្នកំពុងមានសក្តានុពលខ្ពស់។

លោក វ៉ាង យ៉ុង បានជម្រាបជូនពីសាវតារបស់ Baiyi Club ដែលត្រូវបានបង្កើតឡើងតាំងពីឆ្នាំ ១៩៩៦ ដើម្បីចងក្រងជាសម្ព័ន្ធធុរកិច្ចចិនផ្តោតទៅលើការអភិវឌ្ឍម៉ាកយីហោ (Brand) ឱ្យមានលក្ខណៈអន្តរជាតិ ជាពិសេសការស្វែងរកទីផ្សារដែលទើបតែងើបឡើង។ បច្ចុប្បន្ន Baiyi Club មានសមាជិកជាសហគ្រាសធំៗជាច្រើន ដែលមានកម្មវត្ថុអាជីវកម្មក្នុងវិស័យមួយចំនួនដូចជា ៖ យានយន្ត បរិស្ថាន មូលប័ត្រ និងការផលិតបរិក្ខារវេជ្ជសាស្ត្រជាដើម។

បន្ថែមពីនេះ លោក វ៉ាង យ៉ុង បានធ្វើការកត់សម្គាល់ថា កម្ពុជាមានកំណើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស មានស្ថិរភាពនយោបាយ សម្បូរធនធានធម្មជាតិ ហើយមានទីតាំងភូមិសាស្ត្រអំណោយផលដល់ការទាក់ទាញវិនិយោគ។ ជារួមសមាជិកគណៈប្រតិភូបានកត់សម្គាល់ឃើញថា កម្ពុជាមានហេដ្ឋារចនាសម្ព័ន្ធល្អប្រសើរ ហើយបរិស្ថានវិនិយោគនៅកម្ពុជាពិតជាមានភាពអំណោយផល។ សមាជិកគណៈប្រតិភូបានបង្ហាញឆន្ទៈយ៉ាងមុតមាំក្នុងការបណ្តាក់ទុនវិនិយោគនៅកម្ពុជាផងដែរ៕
