ខេត្តស្វាយរៀង ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើងកាលពីព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រោយមានរថយន្តយីឌុបមួយគ្រឿងធំសម្បើម ដឹកទំនិញសំពីងសំពោងសង្ស័យលើសទម្ងន់ពីប្រទេសវៀតណាម បានក្រឡាប់ផ្ងារជើងម្ខាងយ៉ាងគួរឲ្យខ្លាច នៅលើចិញ្ចើមផ្លូវក្នុងភូមិបុសមន ឃុំបុសមន ស្រុករំដួល។ គ្រោះថ្នាក់នេះបានបណ្ដាលឲ្យទំនិញជាប្រេងឆា និងមីរាប់រយកេសត្រូវបានកំពប់មកលើផ្លូវដូចចាក់ចោល ដែលបានទាក់ទាញការចាប់អារម្មណ៍ពីអ្នកដំណើរយ៉ាងខ្លាំង។





ប្រជាពលរដ្ឋដែលរស់នៅក្បែរកន្លែងកើតហេតុបានឲ្យដឹងថា រថយន្តយីឌុបនេះបានធ្វើដំណើរចេញពីច្រកទ្វារទ្វេភាគីបុសមន ដោយមានគោលដៅបន្តទៅរាជធានីភ្នំពេញ តាមបណ្ដោយផ្លូវជាតិលេខ១៣។ លុះមកដល់ចំណុចកើតហេតុ រថយន្តបានផ្អៀងក្រឡាប់ផ្ងារជើងលើចិញ្ចើមផ្លូវ ប៉ុន្តែសំណាងល្អមិនបង្កគ្រោះថ្នាក់ដល់អ្នកដំណើរណាម្នាក់ឡើយ។





ទាក់ទងនឹងបញ្ហានេះ មហាជនបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងអំពីការធ្វើចរាចរណ៍របស់រថយន្តដឹកទំនិញធុនធ្ងន់ ជាពិសេសរថយន្តយីឌុបប្រភេទវ៉េអង ដែលតែងតែដឹកទំនិញហួសទ្រុង និងលើសទម្ងន់កំណត់ ទាំងយប់ទាំងថ្ងៃ។ សកម្មភាពទាំងនេះបានបណ្ដាលឲ្យផ្លូវកៅស៊ូជាច្រើនកន្លែងបាក់ស្រុតទៅជាផ្លូវដី មានរណ្តៅជ្រៅៗ និងដក់ទឹកជាច្រើនកន្លែង ដែលធ្វើឲ្យការធ្វើដំណើររបស់ប្រជាពលរដ្ឋជួបការលំបាកជាខ្លាំង។





ជាចុងក្រោយ ប្រជាពលរដ្ឋក៏បានសំណូមពរយ៉ាងទទូចដល់អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ជាពិសេសកម្លាំងនគរបាលចរាចរណ៍ មេត្តាជួយពិនិត្យ និងចាត់វិធានការទប់ស្កាត់ឲ្យបានម៉ឺងម៉ាត់ចំពោះរថយន្តដឹកទំនិញល្មើសច្បាប់ទាំងនេះ ដើម្បីធានានូវសុវត្ថិភាពដល់អ្នកធ្វើដំណើរ ការពារពីគ្រោះថ្នាក់ជាយថាហេតុ និងបញ្ឈប់ការបំផ្លាញផ្លូវថ្នល់ដែលជាសម្បត្តិសាធារណៈបន្តទៀត។





