ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ បានចេញផ្សាយព្រឹត្តិបត្រព័ត៌មានស្តីពីស្ថានភាពធាតុអាកាស ដោយព្យាករណ៍ថា ប្រទេសកម្ពុជា រួមទាំងរាជធានីភ្នំពេញ និងបណ្តាខេត្តនានា អាចនឹងមានភ្លៀងធ្លាក់ក្នុងកម្រិតគ្របដណ្តប់លើផ្ទៃដីប្រមាណ ១០%។ ស្ថានភាពអាកាសធាតុនេះ នឹងបន្តពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៥។
តាមការព្យាករណ៍ ខ្យល់មូសុងឦសាននៅតែបក់គ្របដណ្តប់លើសមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ សមុទ្រកម្ពុជា សមុទ្រអានដាម៉ែន និងលើព្រះរាជាណាចក្រកម្ពុជា។ គួរកត់សម្គាល់ថា ព្រះរាជាណាចក្រកម្ពុជាមិនស្ថិតនៅក្នុងគន្លងផ្លូវដើររបស់ព្យុះ «ហ្វូងវង់» នោះទេ។
សម្រាប់តំបន់នីមួយៗ មានការព្យាករណ៍ដូចខាងក្រោម៖
១-តំបន់វាលទំនាប៖
* សីតុណ្ហភាពអប្បបរមា ២១°C និងអតិបរមា ៣០°C។
* ខ្យល់បក់ពីទិសឦសាន និងបូព៌ា ល្បឿនមធ្យម ៤ម៉ែត្រ/វិនាទី។
* ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង កណ្តាល តាកែវ ស្វាយរៀង និងរាជធានីភ្នំពេញ អាចមានភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដី ១០%។
២-តំបន់ខ្ពង់រាប៖
* សីតុណ្ហភាពអប្បបរមា ២០°C និងអតិបរមា ២៩°C។
* ខ្យល់បក់ពីទិសបូព៌ា និងអាគ្នេយ៍ ល្បឿនមធ្យម ៤ម៉ែត្រ/វិនាទី។
* ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី រួមទាំងជួរភ្នំដងរែក និងតំបន់ជួរភ្នំក្រវាញ អាចមានភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដី ១០%។
៣-តំបន់មាត់សមុទ្រ៖
* សីតុណ្ហភាពអប្បបរមា ២១°C និងអតិបរមា ៣០°C។
* ខ្យល់បក់ពីទិសនិរតី និងអាគ្នេយ៍ ល្បឿនមធ្យម ៣ម៉ែត្រ/វិនាទី។
* ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងតំបន់ជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដី ១០%។
* កម្ពស់រលកសមុទ្រ មធ្យមអប្បបរមា ០,៥០ម៉ែត្រ និងអតិបរមា ១,៥០ម៉ែត្រ។
ក្រសួងធនធានទឹក និងឧតុនិយម បានអំពាវនាវដល់សាធារណជនទាំងអស់ ជ្រាបជាព័ត៌មាន ដើម្បីត្រៀមខ្លួនបានទាន់ពេលវេលា ចំពោះការប្រែប្រួលអាកាសធាតុនេះ។
