នៅថ្ងៃសុក្រ ទី១៤ ខែវិច្ឆិកា លោក Nicolas Maduro ប្រធានាធិបតីវេណេស៊ុយអេឡា បានថ្លែងសារដ៏ខ្លាំងក្លាប្រឆាំងសង្គ្រាម ទៅកាន់ប្រជាជនអាមេរិក ខណៈដែលលោកកំពុងចូលរួមពិធីបិទកិច្ចប្រជុំអ្នកច្បាប់អន្តរជាតិ ស្តីពីការការពារច្បាប់អន្តរជាតិ នៅរដ្ឋធានីការ៉ាកាស ប្រទេសវេណេស៊ុយអេឡា។
លោក Maduro ត្រូវបានដកស្រង់សម្តីដោយនិយាយថា៖ «សូមបញ្ឈប់ភាពក្រោធឃោរឃៅដែលបញ្ជាឱ្យទម្លាក់គ្រាប់បែក សម្លាប់ និងនាំយកសង្គ្រាមមកកាន់អាមេរិកខាងត្បូង និងតំបន់ការាបៀន»។ លោកបានបន្ថែមទៀតថា៖ «បញ្ឈប់សង្គ្រាម គ្មានសង្គ្រាមទេ (Stop the war. No to war)»។
កិច្ចប្រជុំរយៈពេលពីរថ្ងៃនេះ បានប្រមូលផ្ដុំអ្នកជំនាញច្បាប់ និងអ្នកសិក្សាជាច្រើនរូប ដើម្បីពិភាក្សាអំពីការគំរាមកំហែងដល់សន្តិភាព និងស្ថិរភាពនៅក្នុងតំបន់។

លោក Maduro បានអំពាវនាវឱ្យមានការយល់ដឹងអំពីវិសាលភាពនៃបញ្ហាប្រឈមអន្តរជាតិបច្ចុប្បន្ន ជាពិសេសការគំរាមកំហែងដែលកំពុងកើតមាននៅសមុទ្រការាប៊ីន និងតំបន់អាមេរិកខាងត្បូង ដែលជាលទ្ធផលនៃសកម្មភាពយោធាដែលប្រព្រឹត្តដោយរដ្ឋាភិបាលសហរដ្ឋអាមេរិកក្នុងតំបន់នោះ។
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានបង្កើនភាពតានតឹងនៅតំបន់សមុទ្រការាប៊ីនប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ តាមរយៈសកម្មភាពដែលលោកហៅថា «សង្គ្រាមប្រឆាំងគ្រឿងញៀន» ដោយលើកហេតុផលថា ការនាំចូលគ្រឿងញៀនមកកាន់សហរដ្ឋអាមេរិកបានបង្កឱ្យមានបញ្ហាអសន្តិសុខ។ សកម្មភាពនេះបានសំដៅទៅលើកងនាវាជាច្រើនរបស់វេណេស៊ុយអេឡានៅសមុទ្រការាប៊ីន។
លោក Maduro បានធ្វើការកត់សម្គាល់បែបនេះ បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោនបានប្រកាសពី «ប្រតិបត្តិការ SOUTHERN SPEAR» ដែលជាគំនិតផ្ដួចផ្ដើមយោធាមានគោលបំណងកំណត់មុខសញ្ញា «ភេរវករគ្រឿងញៀន»។

រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Pete Hegseth បានថ្លែងនៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែវិច្ឆិកា ថា ប្រតិបត្តិការនេះនឹងត្រូវបានដឹកនាំដោយបញ្ជាការដ្ឋានភាគខាងត្បូងរបស់សហរដ្ឋអាមេរិក ដែលត្រួតពិនិត្យសកម្មភាពយោធានៅទូទាំង ៣១ ប្រទេសក្នុងតំបន់អាមេរិកខាងត្បូង អាមេរិកកណ្ដាល និងការាប៊ីន។
