បន្ទាយមានជ័យ ៖ ក្រុមហ៊ុន វីតាល់ បានបង្ហាញពីសមានចិត្តមនុស្សធម៌ខ្ពស់ ដោយបាននាំយកទឹកបរិសុទ្ធទៅចែកជូនដល់ជនភៀសខ្លួនខ្មែររាប់រយគ្រួសារទាំងយប់កាលពីពេលថ្មីៗនេះ នៅជំរុំវត្តច័ន្ទស៊ី សាមគ្គី រតនារាម ក្នុងស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។


សកម្មភាពនេះធ្វើឡើងក្នុងគោលបំណងចូលរួមចំណែកគិតគូរពីសុខទុក្ខ និងសុខមាលភាពរបស់ប្រជាពលរដ្ឋខ្មែរដែលកំពុងស្នាក់នៅទីទួលសុវត្ថិភាពបណ្ដោះអាសន្ន។


សូមជម្រាបថា ប្រជាពលរដ្ឋខ្មែរប្រមាណជាង ២៥៧គ្រួសារ បានបង្ខំចិត្តចាកចោលផ្ទះសម្បែងជាទីជម្រកសុខសាន្ត បន្ទាប់ពីមានករណីបាញ់ប្រហារយ៉ាងគឃ្លើនទៅលើពលរដ្ឋខ្មែរស្លូតត្រង់ពីសំណាក់កងកម្លាំងប្រដាប់អាវុធថៃ។


ហេតុការណ៍នេះបានកើតឡើងកាលពីរសៀលថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០២៥ នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលកងទ័ពថៃបានបើកការវាយប្រហារបាញ់រះសន្ធាប់មកលើលំនៅឋានប្រជាពលរដ្ឋខ្មែររស់នៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ។



ជាលទ្ធផល មានពលរដ្ឋខ្មែរស្លូតត្រង់ម្នាក់បានបាត់បង់ជីវិតភ្លាមៗនៅកន្លែងកើតហេតុ និង៣នាក់ផ្សេងទៀតបានរងរបួស៕




