ករណីសារព័ត៌មានថៃផ្សព្វផ្សាយព័ត៌មានមិនពិត ដើម្បីបោកប្រាស់សាធារណជនជាតិ និងអន្តរជាតិ ក្នុងអំឡុងពេលភាពតានតឹងតាមបណ្តោយព្រំដែនជាមួយកម្ពុជា មិនមែនជារឿងចម្លែក ឬទើបនឹងកើតឡើងថ្មីនោះទេ។
ជាក់ស្ដែង បំផុត នៅពេលថ្មីៗនេះ សារព័ត៌មានថៃមួយ បានប្រើប្រាស់រូបភាពដែលកែច្នៃដោយបច្ចេកវិទ្យា AI ពីរូបភាពដើមនៃអ្នករបួសកម្ពុជា ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ជប៉ុនមង្គលបុរី រួចយកទៅផ្សព្វផ្សាយបោកប្រាស់សាធារណមតិពិភពលោកម្ដងទៀត។
ក្នុងអត្ថបទនោះ សារព័ត៌មានថៃបានដាក់ចំណងជើងយ៉ាងបោកប្រាស់ថា៖ «ទាហានកម្ពុជា ដែលថាមានរបួសធ្ងន់ បែរជាសើចនៅក្នុងបន្ទប់ ICU ទៅវិញ»។ លើសពីនេះ ក្នុងខ្លឹមសារអត្ថបទដែលចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ នោះ សារព័ត៌មានដដែលក៏បានដកស្រង់ប្រភពពីទំព័រ Facebook របស់កងទ័ពថៃ ដោយចោទប្រកាន់កម្ពុជាថា បានភូតកុហក និងសម្ដែងល្ខោន។
ជុំវិញបញ្ហាក្លែងបន្លំព័ត៌មាននេះ រដ្ឋមន្ត្រីក្រសួងព័ត៌មានកម្ពុជា បានផ្ដល់មេរៀនយ៉ាងច្បាស់លាស់ដល់អ្នកនាំពាក្យយោធាថៃ ឱ្យមានវិជ្ជាជីវៈ និងការទទួលខុសត្រូវខ្ពស់ ព្រមទាំងត្រូវផ្ទៀងផ្ទាត់ព័ត៌មានឱ្យបានត្រឹមត្រូវមុនពេលធ្វើការថ្លែងការណ៍ណាមួយ។
គួររំលឹកផងដែរថា ចាប់តាំងពីភាពតានតឹងបានផ្ទុះឡើងកាលពីខែកក្កដាមក មន្ត្រីថៃតែងតែលាបពណ៌កម្ពុជា ជាពិសេសសារព័ត៌មានថៃ ដែលបានក្បត់វិជ្ជាជីវៈរបស់ខ្លួន ដោយសុខចិត្តផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ដើម្បីបម្រើមហិច្ឆតាដែលស្រេកឃ្លានសង្គ្រាមរបស់ថ្នាក់ដឹកនាំខ្លួន។
