រឿងអាស្រូវពុករលួយវត្តប្រាបាតណាំភូ៖ ថៃរឹបអូសទ្រព្យជាង១០ពាន់លានបាត!

រឿងអាស្រូវពុករលួយវត្តប្រាបាតណាំភូ៖ ថៃរឹបអូសទ្រព្យជាង១០ពាន់លានបាត!

ការិយាល័យស៊ើបអង្កេតកណ្តាលរបស់ប្រទេសថៃ (CIB) បាននិងកំពុងឆ្មក់ចូលរឹបអូសទ្រព្យសម្បត្តិដ៏ច្រើនសន្ធឹកសន្ធាប់ ដែលមានតម្លៃជាង ១០ ពាន់លានបាត (ប្រមាណ ៣០៩ លានដុល្លារអាមេរិក) នៅក្នុងករណីស៊ើបអង្កេតអំពើពុករលួយទ្រង់ទ្រាយធំមួយ ពាក់ព័ន្ធនឹងវត្តប្រាបាតណាំភូ (Phra Bat Nam Phu) ក្នុងខេត្តលុបបុរី។ រឿងអាស្រូវនេះបានបង្កឲ្យមានការភ្ញាក់ផ្អើលជាខ្លាំងនៅទូទាំងប្រទេសថៃ។

Thai Police

ប្រតិបត្តិការដែលមានឈ្មោះថា «Operation Endgame» នេះបានចាប់ផ្តើមតាំងតែពីខែមេសា ឆ្នាំ២០២៥ មកម្ល៉េះ បន្ទាប់ពីមានពាក្យបណ្ដឹងជាច្រើនបានចោទប្រកាន់ថា ការបរិច្ចាគដល់ព្រះវិហារត្រូវបានគេកិបកេងយកទៅប្រើប្រាស់ផ្ទាល់ខ្លួន។ ករណីដ៏រសើបនេះកំពុងត្រូវបានចាត់ការរួមគ្នាដោយ CIB គណៈកម្មការជាតិប្រឆាំងអំពើពុករលួយ គណៈកម្មការប្រឆាំងអំពើពុករលួយវិស័យសាធារណៈ និងការិយាល័យប្រឆាំងការលាងលុយកខ្វក់។

រហូតមកដល់ពេលនេះ ក្រុមអ្នកស៊ើបអង្កេតបានរឹបអូសយកដីទំហំ ២២៥៨ រ៉ៃ (ស្មើនឹង ៣៦១ ហិកតា) ដែលកាន់កាប់ក្រោមប័ណ្ណកម្មសិទ្ធិចំនួន ៤១១ រថយន្ត ៦០ គ្រឿង និងដីរាប់ពាន់រ៉ៃទៀតនៅក្រោមវិញ្ញាបនបត្រប្រើប្រាស់ដីរបស់វត្ត។ អាជ្ញាធរប៉ាន់ប្រមាណថា ទំហំដីសរុបមានប្រហែល ៧២០០ រ៉ៃ (ប្រហែល ១១៥២ ហិកតា) ដែលមានតម្លៃលើសពី ១០ ពាន់លានបាត។ នេះបើយោងតាមការចុះផ្សាយរបស់កាសែត The Nation។

ការស៊ើបអង្កេតដ៏ស៊ីជម្រៅនេះបានកើតឡើងបន្ទាប់ពីការចោទប្រកាន់ដែលលើកឡើងដោយអ្នកជំនាញខាងឧក្រិដ្ឋកម្ម លោក Trynh Phoraksa ដែលបានចង្អុលបង្ហាញថា អ្នកមានឥទ្ធិពលខាងសាសនាម្នាក់ឈ្មោះ Seksan Supseubsakul ដែលត្រូវបានគេស្គាល់តាមអ៊ីនធឺណិតថា «Mor Bee» បានប្រមូលអំណោយសម្រាប់អតីតព្រះចៅអធិការព្រះនាម Phra Ratchawisutthiprachanat (Pra Alongkot)។ គេបានរកឃើញថា ប្រាក់ជាង ៣០០ លានបាតត្រូវបានរៃអង្គាសនៅចន្លោះឆ្នាំ ២០១៩ ដល់ ២០២៥ តាមរយៈគណនីធនាគារ Kasikorn ដែលមានបំណងសម្រាប់ការថែទាំអ្នកជំងឺអេដស៍ និងការងារសប្បុរសធម៌ផ្សេងទៀតនៅព្រះវិហារ។

អ្នកស៊ើបអង្កេតបានបញ្ជាក់ថា មូលនិធិទាំងនេះត្រូវបានប្រើប្រាស់សម្រាប់ផលប្រយោជន៍ផ្ទាល់ខ្លួន រួមទាំងការផ្ដល់ប្រាក់កម្ចីឯកជន និងការទិញទ្រព្យសម្បត្តិដែលបានចុះបញ្ជីក្រោមឈ្មោះអ្នកដទៃ។

កាលពីថ្ងៃទី ២៦ ខែសីហា ឆ្នាំ ២០២៥ តុលាការព្រហ្មទណ្ឌបានអនុម័តដីកាចាប់ខ្លួនជនសង្ស័យទាំងពីរនាក់ ក្រោមការចោទប្រកាន់ជាច្រើន រួមមានការកេងបន្លំ ការបំភ្លៃកាតព្វកិច្ច និងការលាងលុយកខ្វក់។ ក្នុងពេលចាប់ខ្លួន មន្ត្រីបានរឹបអូសរថយន្តដែលមានតម្លៃ ៨ លានបាត លុយ ២,៥៦ លានបាត កាបូបប្រណីតតម្លៃ ៤០០ ០០០ បាត មូលប្បទានប័ត្រ ២១ សន្លឹកសរុប ៥២ លានបាត និងឯកសារដី ២៣ ប្លង់លើផ្ទៃដី ៣២៣ រ៉ៃ។

administrator

Related Articles