អន្តរជាតិ៖ ព្រះវិហារបុរាណមួយកន្លែងដែលមានអាយុកាលប្រមាណ ១៥០០ឆ្នាំ នៅប្រទេសចិន គឺវត្តយុងឈីង (Yongqing Temple) បានរងការឆាបឆេះយ៉ាងសន្ធោសន្ធៅ កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ គឺហេតុការណ៍នេះបានកើតឡើងត្រឹមតែប្រមាណមួយម៉ោងប៉ុណ្ណោះ ក្រោយពេលព្រះចៅក្រុងសៀមរាមាទី១០ និងព្រះមហេសី ទើបនឹងយាងឡើងយន្តហោះឆ្ពោះទៅកាន់រដ្ឋធានីប៉េកាំង ដើម្បីបំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋ។

យោងតាមការបង្ហោះរបស់ឯកឧត្ដម ខៀវ កាញារីទ្ធ អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម បានឲ្យដឹងថា អគ្គិភ័យបានចាប់ផ្តើមឆាបឆេះនៅវេលាម៉ោង ១១:២៤ នាទីព្រឹក ថ្ងៃទី១២ ខែវិច្ឆិកា ចេញពីអគារប្រវត្តិសាស្ត្រមួយឈ្មោះ សាលាវេនឆាង (Wenchang Pavilion) ដែលជាផ្នែកមួយនៃវត្តយុងឈីង។ វត្តនេះមានទីតាំងស្ថិតនៅភ្នំហ្វេងហួង (Fenghuang Mountain) ក្នុងទីក្រុងចាងជាកាំង (Zhangjiagang) ខេត្តជាំងស៊ូ (Jiangsu) ភាគខាងកើតប្រទេសចិន។

វត្តយុងឈីង ត្រូវបានកសាងឡើងដំបូងក្នុងឆ្នាំ គ.ស. ៥៣៦ ក្នុងរាជវង្សលាង (Liang Dynasty) ហើយត្រូវបានគេស្គាល់ថាជាវត្តមួយក្នុងចំណោម “វត្តចំនួន ៤៨០ ក្នុងសម័យរាជវង្សណានឆាវ” ដែលធ្លាប់មានភាពរុងរឿងយ៉ាងខ្លាំងក្នុងប្រវត្តិសាស្ត្រព្រះពុទ្ធសាសនានៅភាគខាងត្បូងប្រទេសចិន។ ក្នុងសម័យរាជវង្សមិង (Ming) និងឈីង (Qing) វត្តនេះត្រូវបានជួសជុលរហូតដល់ ៦ ដង។ ទោះជាយ៉ាងណា អគារដើមរបស់វត្តត្រូវបានកម្ទេចចោលស្ទើរតែទាំងស្រុងនៅឆ្នាំ ១៩៥៨ ក្នុងសម័យបដិវត្តន៍វប្បធម៌ចិន។
ក្រោយមក នៅឆ្នាំ ១៩៩៣ វត្តបានចាប់ផ្តើមគម្រោងសាងសង់ឡើងវិញ ហើយបានបើកជាសាធារណៈនៅឆ្នាំ ១៩៩៩ ដោយមានការស្ថាបនាអគាររចនាបទបុរាណជាច្រើន រួមទាំងសាលាវេនឆាងដែលបានឆេះនេះផងដែរ។ នៅឆ្នាំ ២០០៧ វត្តនេះត្រូវបានចុះបញ្ជីជាអង្គភាពវត្ថុបុរាណវប្បធម៌ដែលត្រូវបានការពារដោយទីក្រុងចាងជាកាំង។ សាលាវេនឆាងដែលឆេះរលត់ទៅនោះ ត្រូវបានគេជឿថាជាកន្លែងដែលអ្នកនិពន្ធដ៏ល្បីល្បាញរបស់ចិន លោក ស៊ី ណៃអាន (Shi Nai’an) ធ្លាប់បានលាក់ខ្លួន និងនិពន្ធផ្នែកខ្លះនៃប្រលោមលោកបុរាណដ៏អស្ចារ្យមួយរបស់ចិន គឺរឿង “អ្នកក្លាហាននៅភ្នំលាងសាន” (The Water Margin) ដែលជាស្នាដៃមួយក្នុងចំណោមប្រលោមលោកបុរាណសំខាន់ៗទាំងបួនរបស់ចិន។

ព័ត៌មាននេះត្រូវបានដកស្រង់ចេញពីការបង្ហោះរបស់ឯកឧត្ដម ខៀវ កាញារីទ្ធ។
