ខេត្តបន្ទាយមានជ័យ៖ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានដឹកនាំក្រុមការងារចុះប្រគល់អំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រួមទាំងអំណោយរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត តាមរយៈលោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ អំណោយទាំងនេះត្រូវបានប្រគល់ជូនដល់បងប្អូនប្រជាពលរដ្ឋជនភៀសសឹកចំនួន ៤៩៦គ្រួសារ ដែលកំពុងស្នាក់នៅបណ្ដោះអាសន្នក្នុងទីសុវត្ថិភាព នៅវត្តចានស៊ី ស្ថិតក្នុងស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ កាលពីល្ងាចថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥។

ក្នុងឱកាសនោះ លោក អ៊ុំ រាត្រី អភិបាលខេត្ត ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជំនួសមុខប្រជាពលរដ្ឋជនភៀសសឹក ចំពោះសម្ដេចទាំងទ្វេ និងសម្ដេចធិបតី ព្រមទាំងលោកស្រី ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់គិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋាន មិនថាស្ថិតក្នុងកាលៈទេសៈណានោះទេ។

លោកអភិបាលខេត្ត បានបន្តរៀបរាប់ថា ហេតុការណ៍បានកើតឡើងក្រោយពីយោធាប្រទេសជិតខាង (សៀម) បានបើកការបាញ់ប្រហារមកលើដែនអធិបតេយ្យរបស់កម្ពុជា កាលពីថ្ងៃទី១២ ខែវិច្ឆិកាកន្លងទៅ នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ បណ្ដាលឱ្យបាត់បង់ជីវិតពលរដ្ឋស្លូតត្រង់ម្នាក់ និង ៣នាក់ទៀតបានរងរបួស ហើយកំពុងសម្រាកព្យាបាលនៅរាជធានីភ្នំពេញ។ ជាក់ស្ដែង បងប្អូនប្រជាពលរដ្ឋដែលភៀសសឹកមកពីតំបន់ប្រឈមតាមបណ្ដោយបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ បានសម្រេចចិត្តភៀសខ្លួនមកកាន់ទីសុវត្ថិភាព ដែលអាជ្ញាធរខេត្តបានរៀបចំជូន។


សូមបញ្ជាក់ផងដែរថា គិតត្រឹមល្ងាចថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ចំនួនបងប្អូនជនភៀសសឹកដែលមកពីតំបន់ប្រឈមតាមបន្ទាត់ព្រំដែនក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ជាពិសេសពីភូមិព្រៃចាន់ មានសរុបចំនួន ៤៩៦គ្រួសារ ស្មើនឹងមនុស្សរាយ ១៦៨៦នាក់ ក្នុងនោះមានស្រី ៨៨១នាក់ កុមារ ៣៧៦នាក់ និងជនពិការ ១០នាក់៕




