អគ្គិភ័យឆាបឆេះសន្ធោសន្ធៅ! ផ្ទះប្រជាពលរដ្ឋ ១២ខ្នង ក្លាយជាផេះផង់ទាំងព្រឹក ក្បែរគល់ស្ពានអាកាសមរតកតេជោ

អគ្គិភ័យឆាបឆេះសន្ធោសន្ធៅ! ផ្ទះប្រជាពលរដ្ឋ ១២ខ្នង ក្លាយជាផេះផង់ទាំងព្រឹក ក្បែរគល់ស្ពានអាកាសមរតកតេជោ

រាជធានីភ្នំពេញ៖ ហេតុការណ៍អគ្គិភ័យដ៏សន្ធោសន្ធៅមួយ បានឆាបឆេះផ្ទះឈើប្រក់ស័ង្កសីរបស់ប្រជាពលរដ្ឋអស់ចំនួន ១២ខ្នង ទាំងស្រុង កាលពីព្រឹកព្រលឹម នាថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ បង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ពលរដ្ឋ និងសមត្ថកិច្ចមូលដ្ឋានត្រូវចេញអន្តរាគមន៍រថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង ដើម្បីបាញ់ពន្លត់។

ហេតុការណ៍ដ៏រន្ធត់នេះ បានកើតឡើងនៅវេលាម៉ោង ០៨ព្រឹក ស្ថិតនៅត្រង់ចំណុចគល់ស្ពានអាកាសមរតកតេជោ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

បើតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលរស់នៅផ្នែកខាងក្រោយ បានឱ្យដឹងថា មុនពេលកើតហេតុ ពួកគេបានធុំក្លិនឈ្ងៀមផ្សែង លុះមួយសន្ទុះក្រោយមក ក៏នាំគ្នាស្ទុះរត់ចេញមកមើល ហើយប្រទះឃើញផ្សែងខ្មៅខ្មួលខ្មាញ់ លាយឡំនឹងអណ្តាតភ្លើងកំពុងឆាបឆេះយ៉ាងសន្ធោសន្ធៅទៅហើយ។ ភ្លាមៗនោះ ប្រជាពលរដ្ឋបាននាំគ្នាព្យាយាមជួយពន្លត់ដោយប្រើទឹក ប៉ុន្តែភ្លើងបានរាលដាលយ៉ាងលឿនដោយសារមានខ្យល់បក់ខ្លាំង ទើបពួកគេសម្រេចរាយការណ៍ជូនសមត្ថកិច្ចដើម្បីអន្តរាគមន៍។

អគ្គិភ័យដ៏សាហាវនេះ បានបំផ្លាញផ្ទះឈើប្រក់ស័ង្កសីចំនួន ១២ខ្នង អស់ទាំងស្រុង ហើយកម្លាំងសមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យសរុបចំនួន ១២គ្រឿង ក្នុងនោះមានរថយន្តរបស់ការិយាល័យបង្ការពន្លត់អគ្គិភ័យ និងរថយន្តជំនួយពីទីក្រុងនរា រួមគ្នាធ្វើអន្តរាគមន៍រហូតដល់ភ្លើងរលត់ជាស្ថាពរ។

ចំពោះមូលហេតុដែលបណ្តាលឱ្យមានអគ្គិភ័យនេះ សមត្ថកិច្ចបានធ្វើការសន្និដ្ឋានជំហានដំបូងថា អាចបណ្ដាលមកពីករណីឆ្លងចរន្តអគ្គិសនី។

administrator

Related Articles