លោកស្រី Choe Son-hui រដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង បានបង្ហាញការមិនពេញចិត្ត និងសោកស្តាយយ៉ាងខ្លាំង កាលពីថ្ងៃទី១៤ ខែវិច្ឆិកា បន្ទាប់ពី G7 ចេញសេចក្តីថ្លែងការណ៍រួមគ្នា បញ្ជាក់ពីគោលការណ៍លុបបំបាត់អាវុធនុយក្លេអ៊ែរទាំងស្រុងពីកូរ៉េខាងជើង។
ទីភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េ (KCNA) បានរាយការណ៍នៅថ្ងៃសុក្រថា លោកស្រី Choe បានថ្លែងការណ៍យ៉ាងដាច់អហង្ការមួយដែលមានចំណងជើងថា «G7 គ្មានសិទ្ធិប្រឆាំងនឹងជម្រើសអធិបតេយ្យភាពរបស់ DPRK ឡើយ»។ សេចក្តីថ្លែងការណ៍នេះ ក៏ត្រូវបានចុះផ្សាយនៅក្នុងកាសែត Rodong Sinmun ដែលជាកាសែតផ្លូវការរបស់គណបក្សពលករកាន់អំណាចផងដែរ។
លោកស្រីបានសង្កត់ធ្ងន់ថា G7 តែងតែបន្ទរពាក្យ «ការរំសាយអាវុធនុយក្លេអ៊ែរ» ដែលពិភពលោកស្គាល់ថាជាគំនិតមិនអាចទៅរួច។ លោកស្រីចាត់ទុកថា G7 កំពុងរុញច្រានខ្លួនឯងទៅកាន់គែមនៃសហគមន៍អន្តរជាតិ និងបង្ហាញថាជាក្រុមផលប្រយោជន៍ភាគតិចដែលត្រូវបានធ្វេសប្រហែសក្នុងឆាកទំនាក់ទំនងអន្តរជាតិ។
យ៉ាងណាមិញ លោកស្រីបានបញ្ជាក់ជំហរដដែលថា DPRK មិនផ្លាស់ប្តូរគោលជំហររបស់ខ្លួនឡើយ ទោះមានការអះអាងដោយវោហាសាស្ត្រពីខាងក្រៅយ៉ាងណាក្តី។ ជាក់ស្តែង ក្នុងបរិយាកាសភូមិសាស្ត្រនយោបាយដ៏តានតឹងបច្ចុប្បន្ន ការកាន់កាប់អាវុធនុយក្លេអ៊ែរ គឺជាជម្រើសត្រឹមត្រូវបំផុត ដើម្បីទប់ស្កាត់រដ្ឋដែលមានគ្រោះថ្នាក់ និងអរិភាពបំផុត។ 
លោកស្រីរដ្ឋមន្ត្រីក៏បានបន្ថែមថា ការធានាសន្តិភាព និងស្ថិរភាពនៅលើឧបទ្វីបកូរ៉េ និងក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក មិនមែនស្ថិតនៅលើការរំសាយអាវុធនុយក្លេអ៊ែរដែលមិនប្រាកដនិយមនោះទេ ប៉ុន្តែវាស្ថិតនៅលើការគោរពរដ្ឋធម្មនុញ្ញរបស់ DPRK ទៅវិញ។
គួរបញ្ជាក់ថា រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក ជប៉ុន អង់គ្លេស និងសមាជិក G7 ផ្សេងទៀត បានចេញសេចក្តីថ្លែងការណ៍រួមគ្នា បន្ទាប់ពីកិច្ចប្រជុំនៅប្រទេសកាណាដា ដោយថ្កោលទោសយ៉ាងដាច់អហង្ការចំពោះកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលផ្លោងរបស់កូរ៉េខាងជើង។ ពួកគេក៏បានប្តេជ្ញាចិត្តជាថ្មី ក្នុងការរំសាយអាវុធនុយក្លេអ៊ែរទាំងស្រុងពីកូរ៉េខាងជើង ស្របតាមសេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។
