ភ្នំពេញ៖ រថយន្ត BYD មួយគ្រឿង ដែលម្ចាស់ទើបនឹងទិញមិនទាន់បានមួយថ្ងៃផង ស្រាប់តែជួបគ្រោះថ្នាក់ចរាចរណ៍ត្រូវនារីស្រស់ស្អាតម្នាក់បើករថយន្តម៉ាក EASCALET បុកពេញទំហឹងត្រង់ចំណុចផ្លូវបំបែកជាបួន បណ្ដាលឱ្យខូចខាតមួយហៀងយ៉ាងដំណំ។
ហេតុការណ៍ដ៏ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង ២:១០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ស្ថិតតាមបណ្ដោយផ្លូវ១៦៩ កែងផ្លូវ៥៦៦ (បឹងកក់) សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តម៉ាក BYD ដែលម្ចាស់បាននិយាយថាទើបនឹងទិញមិនទាន់បានមួយថ្ងៃផង កំពុងធ្វើដំណើរស្រាប់តែត្រូវនារីម្នាក់បើករថយន្តម៉ាក EASCALET ពាក់ស្លាកលេខភ្នំពេញ 2AK-6988 បើកបុកពេញទំហឹងត្រង់ចំណុចផ្លូវបំបែកជាបួន បណ្ដាលឱ្យរថយន្ត BYD រងការខូចខាតធ្ងន់ធ្ងរមួយចំហៀង។ នារីជាអ្នកបើករថយន្តបង្កហេតុ (EASCALET) ក៏បានរងរបួសផងដែរ ហើយត្រូវបានក្រុមគ្រួសារមកដឹកចេញពីកន្លែងកើតហេតុភ្លាមៗ។


ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះមកធ្វើការវាស់វែង និងស្ទូចយករថយន្តទាំងពីរគ្រឿងទៅរក្សាទុកនៅការិយាល័យ ដើម្បីរង់ចាំការដោះស្រាយតាមនីតិវិធីនៅពេលក្រោយ។
