រាជធានីភ្នំពេញ ៖ ក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជាប្រចាំទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍ បានចេញញត្តិថ្កោលទោសយ៉ាងដាច់អហង្ការចំពោះអំពើរំលោភបំពានដ៏គឃ្លើនពីសំណាក់កងទ័ពថៃ ដែលបានបើកការបាញ់ប្រហារមកលើប្រជាពលរដ្ឋខ្មែរស្លូតត្រង់ បណ្ដាលឱ្យជនស៊ីវិលម្នាក់បាត់បង់ជីវិត និងបីនាក់ផ្សេងទៀតរងរបួសធ្ងន់ស្រាល។ ហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើងនៅក្នុងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ កាលពីវេលាម៉ោងប្រមាណ ១៥:៥០នាទី ថ្ងៃពុធ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥។

យោងតាមញត្តិថ្កោលទោសនេះ បានគូសបញ្ជាក់យ៉ាងច្បាស់ពីទង្វើអមនុស្សធម៌ និងសាហាវឃោរឃៅរបស់ភាគីថៃ ដែលបង្ហាញពីការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើ «សេចក្ដីថ្លែងការណ៍រួមស្ដីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា និងថៃ» ចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥។ កិច្ចព្រមព្រៀងដ៏សំខាន់នេះ ត្រូវបានចុះហត្ថលេខាដោយនាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា និងថៃ ក្រោមសាក្សីរបស់ឯកឧត្ដម ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាម៉េរិក និងឯកឧត្តម អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ព្រមទាំងជាប្រធានអាស៊ាន។
ជាមួយគ្នានេះ ក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជាប្រចាំទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍ ក៏បានអំពាវនាវដល់សហគមន៍អន្តរជាតិទាំងមូល ឱ្យថ្កោលទោសយ៉ាងម៉ឺងម៉ាត់បំផុតចំពោះការរំលោភបំពានលើសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា និងថៃ ព្រមទាំងសកម្មភាពខុសច្បាប់របស់ថៃជាច្រើនលើកច្រើនសារនេះ។ ក្រុមការងារទាមទារឱ្យភាគីថៃទទួលខុសត្រូវទាំងស្រុងចំពោះការរំលោភបំពានដ៏កំរោលនេះ។
ទន្ទឹមនឹងនេះ ក្រុមការងារក៏សូមអំពាវនាវយ៉ាងទទូចដល់ភាគីថៃ ឱ្យងាកមកគោរពកិច្ចព្រមព្រៀងបទឈប់បាញ់ សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាព និងកាតព្វកិច្ចទាំងឡាយនៅក្រោមច្បាប់អន្តរជាតិឱ្យបានម៉ឺងម៉ាត់ ស្មោះត្រង់ និងដោយសុច្ឆន្ទៈពិតប្រាកដ។ ត្រូវប្រកាន់ខ្ជាប់នូវការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ក៏ដូចជាសន្ធិសញ្ញា អនុសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់ ហើយប្រឆាំងដាច់ខាតចំពោះការគំរាម ឬការប្រើប្រាស់កម្លាំងយោធា សំដៅស្វែងរកដំណោះស្រាយមួយដែលយុត្តិធម៌ ត្រឹមត្រូវ យូរអង្វែង និងស្របតាមច្បាប់អន្តរជាតិ៕ អត្ថបទសហការ
