ដើម្បីលុបបំបាត់ភាពស្រពេចស្រពិលក្នុងការផ្តល់សេវាសាធារណៈ ការពារសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋឲ្យកាន់តែមានប្រសិទ្ធភាព រដ្ឋបាលខេត្តតាកែវ និងរដ្ឋបាលខេត្តកំពង់ស្ពឺ បានបើកកិច្ចប្រជុំពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់ ដើម្បីកំណត់ព្រំដែនរដ្ឋបាលទទួលខុសត្រូវរវាងខេត្តទាំងពីរឲ្យបានច្បាស់លាស់។ 
កិច្ចប្រជុំដ៏សំខាន់នេះ ត្រូវបានប្រារព្ធឡើងកាលពីព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅសាលាខេត្តតាកែវ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោក វ៉ី សំណាង អភិបាលខេត្តតាកែវ និងលោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ ដោយមានការចូលរួមពីសំណាក់តំណាងមន្ទីរ អង្គភាពពាក់ព័ន្ធ និងកងកម្លាំងមានសមត្ថកិច្ចនៃខេត្តទាំងពីរជាច្រើនរូបផងដែរ។ 
ថ្លែងក្នុងកិច្ចប្រជុំ លោក វ៉ី សំណាង អភិបាលខេត្តតាកែវ បានបញ្ជាក់ថា កន្លងមក ភាពមិនច្បាស់លាស់នៃការគ្រប់គ្រងដែនរដ្ឋបាល បានបង្កការលំបាកដល់ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ និងធ្វើឲ្យការទប់ស្កាត់បទល្មើសនានាខ្វះការទទួលខុសត្រូវ រហូតឈានដល់ការឆ្លើយដាក់គ្នាទៅវិញទៅមក នៅពេលមានបទល្មើសកើតឡើង។ 
លោកអភិបាលខេត្តតាកែវ ក៏បានបង្ហាញក្តីសង្ឃឹមយ៉ាងមុតមាំថា ក្រោយពីកិច្ចប្រជុំពិភាក្សាកំណត់ដែនរដ្ឋបាលខេត្តរួចរាល់ និងមានភាពស៊ីសង្វាក់គ្នានេះ មន្ត្រីផ្តល់សេវាសាធារណៈ និងកងកម្លាំងសមត្ថកិច្ច នឹងមានភាពងាយស្រួលក្នុងការបំពេញភារកិច្ច ការពារ និងបង្ក្រាបបទល្មើសនានាប្រកបដោយប្រសិទ្ធភាពខ្ពស់។ ជាមួយគ្នានេះ ប្រជាពលរដ្ឋក៏នឹងទទួលបានភាពច្បាស់លាស់ក្នុងការស្នើសុំ និងទទួលយកសេវាសាធារណៈក្នុងមូលដ្ឋានរបស់ពួកគាត់ផងដែរ។ 
ជាការឆ្លើយតប លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ បានសម្តែងការសាទរយ៉ាងខ្លាំងចំពោះការសម្រេចចិត្តកំណត់ព្រំដែនរដ្ឋបាលឲ្យមានភាពច្បាស់លាស់នេះ ដោយលោកយល់ថា វានឹងលែងមានការឆ្លើយដាក់គ្នា ឬការលូកលាន់ដែនសមត្ថកិច្ចទៀតហើយ។ 
លោកអភិបាលខេត្តកំពង់ស្ពឺ បានបន្តថា ការបោះបង្គោលព្រំដែនច្បាស់លាស់នេះ ពិតជាបានរួមចំណែកយ៉ាងសំខាន់ក្នុងការសម្រួល និងផ្តល់ភាពងាយស្រួលដល់មន្ត្រីពាក់ព័ន្ធ និងសមត្ថកិច្ច ក្នុងការផ្តល់សេវា ក៏ដូចជាការពារសុខសុវត្ថិភាព សណ្តាប់ធ្នាប់ របៀបរៀបរយដល់ប្រជាពលរដ្ឋដែលរស់នៅជាប់ព្រំប្រទល់នៃខេត្តទាំងពីរ។
មុននឹងបញ្ចប់កិច្ចប្រជុំ អភិបាលខេត្តទាំងពីររូប ក៏បានធ្វើការក្រើនរំលឹកដល់អាជ្ញាធរដែនដីគ្រប់មូលដ្ឋានដែលស្ថិតនៅចំណុចជាប់ព្រំប្រទល់ និងកងកម្លាំងមានសមត្ថកិច្ចទាំងអស់ ត្រូវបង្កើនការយកចិត្តទុកដាក់លើកិច្ចការងាររបស់ខ្លួនឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ហើយត្រូវបញ្ឈប់ជាដាច់ខាតនូវការឆ្លើយដាក់គ្នាដើម្បីគេចវេសពីការទទួលខុសត្រូវក្រោយពេលមានបទល្មើសកើតឡើង។ 
