ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានអំពាវនាវឱ្យមានការស៊ើបអង្កេតឯករាជ្យមួយ ជុំវិញឧប្បត្តិហេតុផ្ទុះមីនកាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ ដែលបណ្តាលឱ្យទាហានថៃមួយចំនួនរងរបួស។ លោកជំទាវ អ៊ាត សោភា រដ្ឋលេខាធិការប្រចាំការនៃក្រសួងការបរទេស បានសង្កត់ធ្ងន់ថា ករណីនេះមិនគួរប៉ះពាល់ដល់ដំណើរការស្តារសន្តិភាពរវាងប្រទេសទាំងពីរនោះទេ។ នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥។

ក្នុងឱកាសថ្លែងបទបង្ហាញជូនអង្គទូតបរទេស អំពីស្ថានភាពព្រំដែនកម្ពុជា-ថៃ កាលពីរសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកជំទាវ អ៊ាត សោភា បានសម្តែងការសោកស្តាយចំពោះទាហានថៃដែលរងរបួស។
លោកជំទាវបានបញ្ជាក់ថា ឧប្បត្តិហេតុនេះកើតឡើងនៅតំបន់ជុំវិញប្រាសាទព្រះវិហារ ដែលជាតំបន់ពោរពេញទៅដោយមីនបន្សល់ពីសង្គ្រាមស៊ីវិលកម្ពុជានៅទសវត្សរ៍ឆ្នាំ១៩៨០។ ជាមួយគ្នានោះ លោកជំទាវក៏បានបដិសេធយ៉ាងដាច់អហង្ការនូវរាល់ការចោទប្រកាន់ថា កងកម្លាំងកម្ពុជាបានដាក់មីនថ្មីនៅក្នុងតំបន់នោះ។

លោកជំទាវរដ្ឋលេខាធិការប្រចាំការ អ៊ាត សោភា ក៏បានអះអាងជាថ្មីអំពីការប្តេជ្ញាចិត្តដ៏មុតមាំរបស់កម្ពុជា ក្នុងការអនុវត្តឱ្យបានពេញលេញនូវកិច្ចព្រមព្រៀងឈប់បាញ់ និងសេចក្តីថ្លែងការណ៍រួមទីក្រុងគួឡាឡាំពួរ ស្តីពីការដោះស្រាយជម្លោះដោយសន្តិវិធី ដែលបានចុះហត្ថលេខារវាងនាយករដ្ឋមន្ត្រីកម្ពុជា និងថៃ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥។


ប្រភព៖ ក្រសួងព័ត៌មាន
