ក្រសួងព័ត៌មានបានបញ្ជាក់កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ថា ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅចូលរួមមហាសន្និបាតលើកទី២៦ នៃអង្គការទេសចរណ៍សហប្រជាជាតិ (UN Tourism- 26th General Assembly) នៅទីក្រុងរីយ៉ាដ។ ក្នុងឱកាសដ៏សំខាន់នេះ ឯកឧត្តមបានជួបប្រជុំការងារដ៏មានសារៈសំខាន់ជាមួយសមភាគីអារ៉ាប៊ីសាអូឌីត គឺឯកឧត្តម Ahmed Al-Khateeb ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងប្រទេសទាំងពីរ។
ជំនួបប្រវត្តិសាស្ត្រនេះ ត្រូវបានធ្វើឡើងកាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៥ កន្លងទៅនេះ។
លទ្ធផលនៃជំនួបនេះ គឺភាគីទាំងពីរបានសម្រេចឯកភាពគ្នាជាឯកច្ឆន្ទ ក្នុងការជំរុញ និងពង្រីកកិច្ចសហប្រតិបត្តិការទេសចរណ៍ឱ្យកាន់តែស៊ីជម្រៅ និងសកម្មខ្លាំងក្លាជាងមុន។ នេះនឹងសម្រេចបានតាមរយៈការជំរុញការចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ឱ្យបានឆាប់រហ័ស, រៀបចំព្រឹត្តិការណ៍នានាដើម្បីផ្សព្វផ្សាយទេសចរណ៍, ពិនិត្យលទ្ធភាពតភ្ជាប់ជើងហោះហើរត្រង់ពីទីក្រុងរីយ៉ាដ មកកាន់រាជធានីភ្នំពេញ និងរៀបចំកម្មវិធីទស្សនកិច្ចស្វែងយល់ (FAM Trip) ជាដើម។ 
ឆ្លៀតក្នុងឱកាសដ៏វិសេសនេះដែរ ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តមរដ្ឋមន្ត្រីទេសចរណ៍អារ៉ាប៊ីសាអូឌីត ចំពោះបដិសណ្ឋារកិច្ចដ៏កក់ក្តៅ និងការទទួលរាក់ទាក់ដល់គណៈប្រតិភូកម្ពុជា។ ជាមួយគ្នានោះ លោកក៏បានចូលរួមអបអរសាទរចំពោះភាពជោគជ័យដ៏ត្រចះត្រចង់របស់អារ៉ាប៊ីសាអូឌីត ក្នុងការរៀបចំមហាសន្និបាត UN Tourism លើកទី២៦ នេះ។
ដើម្បីបន្តចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏រឹងមាំ ឯកឧត្តមរដ្ឋមន្ត្រីទេសចរណ៍កម្ពុជាក៏បានឆ្លៀតឱកាសអញ្ជើញសមភាគីអារ៉ាប៊ីសាអូឌីត មកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជានាពេលឆាប់ៗខាងមុខផងដែរ។
ប្រភព៖ ក្រសួងព័ត៌មាន
