សម្ព័ន្ធភាពថ្មី! កូរ៉េខាងត្បូង-អាមេរិក ចាប់ដៃគ្នាលើនាវាមុជទឹកនុយក្លេអ៊ែរ និងបច្ចេកវិទ្យាជឿនលឿន

សម្ព័ន្ធភាពថ្មី! កូរ៉េខាងត្បូង-អាមេរិក ចាប់ដៃគ្នាលើនាវាមុជទឹកនុយក្លេអ៊ែរ និងបច្ចេកវិទ្យាជឿនលឿន

លោក Lee Jae Myung ប្រធានាធិបតីកូរ៉េខាងត្បូង បានប្រកាសនៅថ្ងៃសុក្រ ទី១៤ ខែវិច្ឆិកា ថា កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានឈានដល់កិច្ចព្រមព្រៀងដ៏សំខាន់មួយ ស្ដីពីបញ្ហាពាណិជ្ជកម្ម និងសន្តិសុខជាតិ បន្ទាប់ពីជំនួបកំពូលរវាងលោក និងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីខែមុន។

កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក

យោងតាមទីភ្នាក់ងារសារព័ត៌មាន Reuters លោក Lee បានថ្លែងក្នុងសន្និសីទសារព័ត៌មានមួយតាមទូរទស្សន៍ថា កូរ៉េខាងត្បូងនឹងបន្តគម្រោងសាងសង់នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ ខណៈបង្កើតភាពជាដៃគូយុទ្ធសាស្ត្រថ្មីជាមួយសហរដ្ឋអាមេរិក លើវិស័យសំខាន់ៗដូចជា ការសាងសង់នាវា បញ្ញាសិប្បនិម្មិត (AI) និងឧស្សាហកម្មនុយក្លេអ៊ែរ។

អ្វីដែលសំខាន់ជាងនេះទៅទៀត កូរ៉េខាងត្បូង ក៏ទទួលបានការគាំទ្រពីសហរដ្ឋអាមេរិក ក្នុងការអនុញ្ញាតឲ្យកែច្នៃឥន្ធនៈនុយក្លេអ៊ែរដែលបានប្រើប្រាស់រួចផងដែរ។ ជាមួយគ្នានោះ សហរដ្ឋអាមេរិក ក៏បានគាំទ្រការប្តេជ្ញាចិត្តរបស់កូរ៉េខាងត្បូង ក្នុងការទទួលបានសិទ្ធិគ្រប់គ្រងប្រតិបត្តិការយោធាក្នុងសម័យសង្គ្រាមពីទីក្រុងវ៉ាស៊ីនតោនវិញ។

សេចក្តីប្រកាសនេះ បានកើតឡើងប្រហែលពីរសប្តាហ៍ បន្ទាប់ពីទីក្រុងសេអ៊ូល និងទីក្រុងវ៉ាស៊ីនតោន បានសម្រេចលម្អិតអំពីការកាត់បន្ថយពន្ធនាំចូលរបស់សហរដ្ឋអាមេរិក លើផលិតផលកូរ៉េខាងត្បូង រួមទាំងរថយន្ត ការវិនិយោគរបស់កូរ៉េខាងត្បូងលើគម្រោងនានានៅសហរដ្ឋអាមេរិក និងកិច្ចសហប្រតិបត្តិការសន្តិសុខរបស់សម្ព័ន្ធមិត្ត ដែលក្នុងនោះ អាមេរិកបានយល់ព្រមអនុញ្ញាតឲ្យកូរ៉េខាងត្បូង សាងសង់ និងដំណើរការនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ។

administrator

Related Articles