អាមេរិក​រង​សម្ពាធ​ឲ្យ​កាត់​បន្ថយ​ជើង​ហោះហើរ​ ខណៈ​កង្វះ​អ្នក​គ្រប់គ្រង​ដែនអាកាស​គំរាមកំហែង​សុវត្ថិភាព​

អាមេរិក​រង​សម្ពាធ​ឲ្យ​កាត់​បន្ថយ​ជើង​ហោះហើរ​ ខណៈ​កង្វះ​អ្នក​គ្រប់គ្រង​ដែនអាកាស​គំរាមកំហែង​សុវត្ថិភាព​

ក្រុមហ៊ុន​អាកាសចរណ៍​ខ្នាត​យក្ស​របស់​សហរដ្ឋអាមេរិក​ កំពុង​ដាក់​សម្ពាធ​លើ​រដ្ឋបាល​អាកាសចរណ៍​សហព័ន្ធ (FAA) ឲ្យ​លុបចោល​ការ​កាត់បន្ថយ​ជើងហោះហើរ​ក្នុងស្រុក​ចំនួន ៦% ដែល​បាន​ដាក់​កំហិត​នៅ​អាកាសយានដ្ឋាន​សំខាន់ៗ​ចំនួន ៤០។ ការ​កាត់បន្ថយ​នេះ​ គឺ​ដើម្បី​ដោះស្រាយ​បញ្ហា​សុវត្ថិភាព​ចរាចរណ៍​ផ្លូវអាកាស បន្ទាប់ពី​ការ​បិទ​រដ្ឋាភិបាល​ជា​ប្រវត្តិសាស្ត្រ​បាន​បញ្ចប់។

យន្តហោះចតនៅអាកាសយានដ្ឋាន

ក្រុមហ៊ុន​អាកាសចរណ៍​ភាគច្រើន​ហាក់​មិន​បាន​អនុវត្ត​តាម​បទប្បញ្ញត្តិ​របស់ FAA ដែល​បាន​តម្រូវ​ឲ្យ​មាន​ការ​កាត់បន្ថយ​ជើងហោះហើរ​យ៉ាង​តឹងរ៉ឹង​នោះ​ទេ។ ទីភ្នាក់ងារ​ព័ត៌មាន Reuters បាន​ដកស្រង់​ទិន្នន័យ​ពី​ក្រុមហ៊ុន Cirium ដែល​ជា​ក្រុមហ៊ុន​វិភាគ​ផ្នែក​អាកាសចរណ៍ បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​អាកាសចរណ៍​បាន​លុបចោល​ត្រឹមតែ ២% នៃ​ជើងហោះហើរ​សរុប​កាលពី​ថ្ងៃសុក្រ ទី១៤ ខែវិច្ឆិកា ដែល​ជា​ការ​ធ្លាក់ចុះ​ពី ៣,៥% កាលពី​ថ្ងៃពុធ ទី១២ និង​ថ្ងៃព្រហស្បតិ៍ ទី១៣ ខែវិច្ឆិកា។

កាលពី​ថ្ងៃសុក្រ FAA និង​មន្ត្រី​សហជីព​បាន​បញ្ជាក់​ថា អ្នក​ត្រួតពិនិត្យ​ចរាចរណ៍​ផ្លូវអាកាស និង​បុគ្គលិក FAA ផ្សេងទៀត​ បាន​ចាប់ផ្ដើម​ទទួល​បាន​ប្រាក់​សំណង​ប្រមាណ ៧០% នៃ​ទឹកប្រាក់​ដែល​រដ្ឋ​ជំពាក់​ពួកគេ ដោយ​មិន​រាប់បញ្ចូល​ម៉ោង​ធ្វើការ​បន្ថែម​នោះ​ទេ។ ទីភ្នាក់ងារ Reuters ក៏បាន​សម្ភាសន៍​មន្ត្រី​អាកាសចរណ៍​មួយ​ចំនួន ដែល​បាន​អះអាង​ថា ក្រុមហ៊ុន​អាកាសចរណ៍​បាន​ដាក់​សំណើ​ជា​លក្ខណៈ​ឯកជន​ទៅកាន់ FAA ដោយ​ស្នើ​ឲ្យ​បញ្ចប់​ការ​កាត់បន្ថយ​នេះ។ ក្រុមហ៊ុន​ខ្លះ​ទៀត​បាន​លើកឡើង​ថា ពួកគេ​មាន​គម្រោង​កាត់បន្ថយ​ជើងហោះហើរ​តិចតួច ឬ​គ្មាន​ទាល់តែសោះ​នៅ​ថ្ងៃសៅរ៍ ទី១៥ ខែវិច្ឆិកា។

FAA ដែល​មិន​បាន​ធ្វើ​អត្ថាធិប្បាយ​ភ្លាមៗ​នៅ​ថ្ងៃសុក្រ បាន​សម្រេច​កាលពី​ថ្ងៃពុធ​ថា នឹង​បន្ធូរបន្ថយ​ការ​លុបចោល​ជើងហោះហើរ​ដែល​ចាំបាច់ បន្ទាប់ពី​បញ្ហា​រំខាន​ដោយសារ​កង្វះ​អ្នកគ្រប់គ្រង​ចរាចរណ៍​ផ្លូវអាកាស​បាន​ថយ​ចុះ​យ៉ាង​ខ្លាំង​ក្រោយ​សភា​បោះឆ្នោត​បើក​ដំណើរការ​រដ្ឋាភិបាល​ឡើងវិញ បន្ទាប់ពី​ការ​បិទ​អស់ ៤៣ ថ្ងៃ។ FAA បាន​រក្សា​ការ​កាត់បន្ថយ​នៅ ៦% ជំនួស​ឲ្យ​ការ​បង្កើន​ដល់ ៨% នៅ​ថ្ងៃព្រហស្បតិ៍ និង ១០% នៅ​ថ្ងៃសុក្រ ដូច​ដែល​បាន​ប្រកាស​ពីមុន។

ក្រុមហ៊ុន​អាកាសចរណ៍ United Airlines បាន​ប្រកាស​ថា ខ្លួន​បាន​លុបចោល​ជើងហោះហើរ ១៣៤ ជើង​នៅ​ថ្ងៃសុក្រ ឬ​ជិត ៣% នៃ​ជើងហោះហើរ​សរុប​របស់​ខ្លួន បន្ទាប់ពី​បាន​លុបចោល ២២២ ជើង​កាលពី​ថ្ងៃព្រហស្បតិ៍។ បច្ចុប្បន្ន FAA មាន​អ្នក​ត្រួតពិនិត្យ​ចរាចរណ៍​ផ្លូវអាកាស​ប្រហែល ៣៥០០ នាក់​តិច​ជាង​ចំនួន​បុគ្គលិក​ដែល​បាន​កំណត់។ បុគ្គលិក​ជាច្រើន​ត្រូវ​បាន​បង្ខំ​ឲ្យ​ធ្វើការ​ថែម​ម៉ោង​ជា​កាតព្វកិច្ច និង​រយៈពេល​រហូតដល់​ប្រាំមួយ​សប្តាហ៍ សូម្បីតែ​មុនពេល​មានការ​បិទ​រដ្ឋាភិបាល​សហព័ន្ធ​ក៏ដោយ ដែល​បណ្តាល​ឲ្យ​ពួកគេ​ធ្វើការ​ដោយ​គ្មាន​ប្រាក់ឈ្នួល។

កង្វះ​បុគ្គលិក​គ្រប់គ្រង​ចរាចរណ៍​ផ្លូវអាកាស​នេះ បាន​នាំ​ឲ្យ​មានការ​លុបចោល​ជើងហោះហើរ​រាប់ម៉ឺន​ជើង និង​ការពន្យារពេល​ជាច្រើន​ចាប់តាំងពី​ថ្ងៃទី ១ ខែតុលា ដែលជា​ពេល​ចាប់ផ្តើម​នៃ​ការ​បិទ​រដ្ឋាភិបាល​រយៈពេល ៤៣ ថ្ងៃ។ យោងតាម​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ បាន​ឲ្យ​ដឹង​ថា ដោយសារ​កង្វះ​អ្នក​បញ្ជាការ​គ្រប់គ្រង​ការ​ហោះហើរ ការ​បិទ​រដ្ឋាភិបាល​ក្នុង​អំឡុង​ពេលនេះ បាន​ធ្វើ​ឲ្យ​ជើងហោះហើរ​ជាង ២ ម៉ឺន​ជើង​ត្រូវ​បាន​ផ្អាក ឬ​ពន្យារពេល។

administrator

Related Articles