រាជធានីភ្នំពេញ ៖ ភោជនីយដ្ឋានយីហោ «ប៉ាឧត្ដម» មួយកន្លែងដែលលួចលាក់បម្រើសេវាកម្មផ្លូវភេទ ត្រូវបានកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយកងរាជអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ ចុះបង្ក្រាប កាលពីវេលាម៉ោង៩យប់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥។ ក្នុងប្រតិបត្តិការនេះ ម្ចាស់ហាងត្រូវបានឃាត់ខ្លួន រីឯនារីជាអនីតិជនចំនួន១២នាក់ ត្រូវបាននាំខ្លួនទៅសាកសួរ។ ទីតាំងភោជនីយដ្ឋាននេះ ស្ថិតនៅតាមបណ្ដោយផ្លូវរថភ្លើង (អតីតរ៉ាសំរោង) ក្នុងសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ 
តាមប្រភពពីកងរាជអាវុធហត្ថ បានឲ្យដឹងថា មុនឈានដល់ការបង្ក្រាប គឺមានការផ្តល់ព័ត៌មានពីប្រជាពលរដ្ឋអំពីទីតាំងខាងលើ ដែលលួចលាក់មានសេវាកម្មផ្លូវភេទ ដោយមាននារីវ័យក្មេងជាអនីតិជនបម្រើការ។ ជាងនេះទៅទៀត មានមេការជាអ្នកទាក់ទងភ្ញៀវដើម្បីរកសេវាផ្លូវភេទនាំចេញទៅដេកនៅខាងក្រៅ ដោយតម្លៃចន្លោះពី ៥០ ទៅ ១០០ដុល្លារ។ ក្រោយពីទទួលព័ត៌មាន សមត្ថកិច្ចក៏បានចុះស្រាវជ្រាវ និងឈានទៅដល់ការបង្ក្រាបតែម្តង។ 
ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានឃាត់ខ្លួនបុរសជាម្ចាស់ហាង រួមទាំងនាំខ្លួននារីបម្រើការជាអនីតិជនទាំង ១២នាក់ទៅសាកសួរ និងបន្តតាមនីតិវិធីច្បាប់។
គួរបញ្ជាក់ថា ភោជនីយដ្ឋានយីហោ «ប៉ាឧត្ដម» នេះស្ថិតនៅក្នុងចំណោមភោជនីយដ្ឋានជាច្រើនដែលតម្រៀបគ្នាតាមបណ្ដោយផ្លូវរថភ្លើង។
ជាការកត់សម្គាល់ ភោជនីយដ្ឋានសម្រាប់ផឹកស៊ីកម្សាន្តស្ទើរតែទាំងអស់ សុទ្ធតែមានលួចលាក់បម្រើសេវាកម្មផ្លូវភេទ ដោយនារីវ័យក្មេងមួយចំនួនបានស្ម័គ្រចិត្តដោយខ្លួនឯង។ ទោះបីជាយ៉ាងណា ក៏នៅមានបុគ្គលិកខ្លះមកធ្វើការ ផឹកស៊ីកម្សាន្តភ្ញៀវ ដើម្បីរកប្រាក់បន្តការសិក្សា និងផ្គត់ផ្គង់ជីវភាពគ្រួសារតែប៉ុណ្ណោះ។ 
