កម្ពុជាបង្ហាញការណ៍ពិត! ក្រសួងការបរទេសបកស្រាយករណីផ្ទុះមីន និងបាញ់ប្រហារពលរដ្ឋខ្មែរនៅព្រំដែនថៃ ជូនអង្គទូតអន្តរជាតិជ្រាប

កម្ពុជាបង្ហាញការណ៍ពិត! ក្រសួងការបរទេសបកស្រាយករណីផ្ទុះមីន និងបាញ់ប្រហារពលរដ្ឋខ្មែរនៅព្រំដែនថៃ ជូនអង្គទូតអន្តរជាតិជ្រាប

ភ្នំពេញ៖ នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានប្រកាសថា លោកស្រី អ៊ាត សោភា រដ្ឋលេខាធិការប្រចាំការ បានធ្វើបទបង្ហាញយ៉ាងក្បោះក្បាយជូនអង្គទូត និងអង្គការអន្តរជាតិ អំពីស្ថានភាពព្រំដែនកម្ពុជា-ថៃ ដែលកំពុងមានការវិវត្តថ្មីៗ ជាពិសេសករណីផ្ទុះមីនកាលពីថ្ងៃទី១០ ខែវិច្ឆិកា និងការបាញ់ប្រហារលើប្រជាពលរដ្ឋខ្មែរដោយកងកម្លាំងថៃ នៅភូមិព្រៃចាន់ ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥។

នៅក្នុងបទបង្ហាញនោះ លោកស្រីរដ្ឋលេខាធិការប្រចាំការបានបញ្ជាក់យ៉ាងច្បាស់ថា កម្ពុជាបានធ្វើការតវ៉ាជាផ្លូវការ និងតឹងរ៉ឹងបំផុតចំពោះទង្វើបាញ់ប្រហារដោយគ្មានមូលហេតុពីកងកម្លាំងថៃ ដែលបណ្តាលឱ្យជនស៊ីវិលខ្មែរម្នាក់ស្លាប់ និង៣នាក់ទៀតរងរបួសធ្ងន់ស្រាល នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ខេត្តបន្ទាយមានជ័យ កាលពីរសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥។ លោកស្រីបានសង្កត់ធ្ងន់ថា ការប្រើប្រាស់កម្លាំងដោយខុសច្បាប់ប្រឆាំងនឹងប្រជាពលរដ្ឋស៊ីវិលនេះ គឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរដល់អធិបតេយ្យរបស់កម្ពុជា ក៏ដូចជាច្បាប់មនុស្សធម៌អន្តរជាតិ និងគោលការណ៍គ្រឹះនៃធម្មនុញ្ញអង្គការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ាន។ ទង្វើនេះក៏បានជះឥឥទ្ធិពលអវិជ្ជមានយ៉ាងខ្លាំងដល់ដំណើរការកំណត់ព្រំដែន ដែលកំពុងប្រព្រឹត្តទៅតាមកិច្ចព្រមព្រៀងនៃគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ កាលពីថ្ងៃទី២១-២២ ខែតុលា ឆ្នាំ២០២៥។

លោកស្រីរដ្ឋលេខាធិការប្រចាំការ បានអំពាវនាវជាបន្ទាន់ឱ្យមានការស៊ើបអង្កេតប្រកបដោយតម្លាភាព និងយុត្តិធម៌ចំពោះករណីបាញ់ប្រហារដ៏សោកនាដកម្មនេះ ដោយស្នើសុំឱ្យមានការចូលរួមពីក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) និងស្វាគមន៍រាល់ការគាំទ្រ និងការចូលរួមពីគ្រប់ដៃគូអន្តរជាតិទាំងអស់។
Cambodia-Thailand Border Incident

ទាក់ទងនឹងឧប្បត្តិហេតុផ្ទុះមីនដែលបណ្តាលឱ្យទាហានថៃមួយចំនួនរងរបួស កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកស្រីបានគូសបញ្ជាក់ថា ទោះបីជាឧប្បត្តិហេតុនេះទាមទារឱ្យមានការស៊ើបអង្កេតឯករាជ្យក៏ដោយ ក៏យើងមិនគួរអនុញ្ញាតឱ្យរឿងនេះធ្វើឱ្យខូចខាតដល់ដំណើរការស្តារសន្តិភាពនោះទេ។ លោកស្រីបានសម្តែងការសោកស្តាយចំពោះការរងរបួសរបស់ទាហានថៃ ហើយបានបញ្ជាក់ថា ឧប្បត្តិហេតុនេះបានកើតឡើងនៅជិតប្រាសាទព្រះវិហារ ដែលជាតំបន់ប្រវត្តិសាស្ត្រមួយដែលគេស្គាល់យ៉ាងច្បាស់ថាពោរពេញទៅដោយមីនសល់ពីសម័យសង្គ្រាមស៊ីវិលកម្ពុជាទសវត្សរ៍ឆ្នាំ១៩៨០។ លោកស្រីក៏បានបដិសេធដាច់អហង្ការរាល់ការចោទប្រកាន់ដែលថា កងកម្លាំងកម្ពុជាបានដាក់មីនថ្មីនៅក្នុងតំបន់នោះ។

លោកស្រី អ៊ាត សោភា បានបិទបញ្ចប់បទបង្ហាញរបស់ខ្លួនដោយបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តដ៏មុតមាំរបស់កម្ពុជា ក្នុងការអនុវត្តយ៉ាងពេញលេញនូវកិច្ចព្រមព្រៀងឈប់បាញ់ និងសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ ស្តីពីការដោះស្រាយជម្លោះដោយសន្តិវិធី ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ដោយប្រមុខរដ្ឋាភិបាលកម្ពុជា និងថៃ។

ការធ្វើបទបង្ហាញដ៏សំខាន់នេះ ក៏មានការចូលរួមបំភ្លឺបន្ថែមពីមន្ត្រីជាន់ខ្ពស់មកពីក្រសួងការពារជាតិ មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) និងរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនផងដែរ ដើម្បីពន្យល់ពីអង្គហេតុជាក់លាក់នានាពាក់ព័ន្ធនឹងឧប្បត្តិហេតុទាំងពីរនេះ។

administrator

Related Articles