គ្រោះថ្នាក់ផ្ទុះឃ្លាំងស្តុកគ្រឿងផ្ទុះនៅកាស្មៀរ សម្លាប់មនុស្ស៩នាក់ និងរបួសជាង៣០នាក់

គ្រោះថ្នាក់ផ្ទុះឃ្លាំងស្តុកគ្រឿងផ្ទុះនៅកាស្មៀរ សម្លាប់មនុស្ស៩នាក់ និងរបួសជាង៣០នាក់

កាស្មៀរ​ក្តៅ​ដូច​ភ្លើង! មនុស្ស​យ៉ាង​តិច ៩​នាក់​បាន​បាត់បង់​ជីវិត ហើយ​ជាង ៣០​នាក់​ទៀត​រង​របួសធ្ងន់​ស្រាល ក្នុង​ហេតុការណ៍​ផ្ទុះ​ឃ្លាំង​ស្តុក​គ្រឿង​ផ្ទុះ​ដ៏​សន្ធឹកសន្ធាប់​នៅ​ស្ថានីយ៍​ប៉ូលិស​មួយ​ក្នុង​ទីក្រុង Srinagar តំបន់​កាស្មៀរ​ដែល​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​ឥណ្ឌា។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន Al Jazeera កាលពី​ថ្ងៃ​ទី១៥ ខែ​វិច្ឆិកា។

(សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត)

ហេតុការណ៍​រន្ធត់​នេះ​បាន​កើតឡើង​កាលពី​យប់​ថ្ងៃសុក្រ ខណៈ​ដែល​មន្ត្រី​ប៉ូលិស និង​ក្រុម​កោសល្យវិច័យ​កំពុង​ត្រួតពិនិត្យ​ និង​ស៊ើបអង្កេត​លើ​គ្រឿងផ្ទុះ​ដែល​បាន​រឹបអូស​បាន។ កម្លាំង​ផ្ទុះ​គឺ​ខ្លាំងក្លា​ជាទីបំផុត រហូត​បណ្ដាល​ឲ្យ​សាកសព​ខ្លះ​ឆេះ​ខ្មៅ​ស្ទើរ​រក​ទម្រង់​មិន​ឃើញ ហើយ​បំណែក​រាងកាយ​ខ្លះ​ត្រូវ​ខ្ទាត​ទៅ​ឆ្ងាយ​ដល់​ទៅ ២០០​ម៉ែត្រ​ឯណោះ។

ស្ថានីយ៍​ប៉ូលិស​ដែល​រងគ្រោះ​នេះ​កំពុង​ស៊ើបអង្កេត​ការ​គំរាមកំហែង​ពី​ក្រុម​សកម្មប្រយុទ្ធ Jaish-e-Muhammad (JeM)។ ក្នុង​ពេល​ស៊ើបអង្កេត ប៉ូលិស​បាន​រក​ឃើញ​ក្រុម​និស្សិត​ជ្រុលនិយម និង​អ្នកជំនាញ​មួយ​ក្រុម​ដែល​ដឹកនាំ​ដោយ​ជន​នៅ​ក្រៅ​ប្រទេស។ លើស​ពី​នេះ គ្រឿងផ្ទុះ​ជិត ៣,០០០ គីឡូក្រាម​ក៏​ត្រូវ​បាន​រក​ឃើញ​ក្នុង​ពេល​ដោះស្រាយ​ករណី​នេះ​ដែរ។

យ៉ាងណាមិញ ប៉ូលិស​បាន​បញ្ជាក់​ថា នេះ​គ្រាន់តែ​ជា​គ្រោះថ្នាក់​ចៃដន្យ​ប៉ុណ្ណោះ មិនមែន​ជា​អំពើ​វាយប្រហារ​ភេរវកម្ម​នោះ​ទេ។ ដោយសារ​អ្នក​រងរបួស​ជាច្រើន​នៅ​តែ​ស្ថិតក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ ដូច្នេះ​ចំនួន​អ្នកស្លាប់​អាច​នឹង​កើនឡើង​ទៀត។

គួរ​រំលឹក​ថា ឧប្បត្តិហេតុ​ដ៏​រន្ធត់​នេះ​កើតឡើង​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ ក្រោយ​ហេតុការណ៍​ផ្ទុះ​គ្រាប់បែក​ក្នុង​រថយន្ត​យ៉ាង​សាហាវ​មួយ​នៅ​ទីក្រុង​ញូវដេលី ដែល​បាន​ឆក់​យក​ជីវិត​មនុស្ស​យ៉ាង​តិច ១២​នាក់។ ប៉ូលិស​បាន​ឲ្យ​ដឹង​ថា ការ​វាយប្រហារ​នោះ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ក្រុម​សកម្មប្រយុទ្ធ JeM ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​ប៉ាគីស្ថាន។ ក្រោយ​ការ​ផ្ទុះ​នៅ​ញូវដេលី មនុស្ស​ជាង ៦៥០​នាក់​ត្រូវ​បាន​ឃុំ​ខ្លួន​ក្នុង​តំបន់​កាស្មៀរ។

តំបន់​កាស្មៀរ​នៅ​តែ​ជា​ចំណុច​ក្តៅ​មួយ ដែល​ប្រទេស​ឥណ្ឌា និង​ប៉ាគីស្ថាន​បាន​ទាមទារ​តាំងពី​ឆ្នាំ ១៩៤៧ មកម្ល៉េះ ហើយ​តែងតែ​រង​ការ​ប៉ះពាល់​ដោយ​ជម្លោះ​រវាង​ប្រទេស​ទាំង​ពីរ។

អត្ថបទ៖ ប៊ុន សុភាព

administrator

Related Articles