អ៊ីរ៉ង់ទាមទារសំណងពីអាមេរិក-អ៊ីស្រាអែល ករណីវាយប្រហារលើទីតាំងនុយក្លេអ៊ែរ

អ៊ីរ៉ង់ទាមទារសំណងពីអាមេរិក-អ៊ីស្រាអែល ករណីវាយប្រហារលើទីតាំងនុយក្លេអ៊ែរ

អ៊ីរ៉ង់បានស្នើសុំឲ្យអង្គការសហប្រជាជាតិចាត់វិធានការប្រឆាំងនឹងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ព្រមទាំងទាមទារសំណងសម្រាប់ការខូចខាតលើទីតាំងនុយក្លេអ៊ែររបស់ខ្លួន ដែលរងការវាយប្រហារតាមអាកាសកាលពីខែមិថុនាកន្លងទៅ។

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បានធ្វើការអំពាវនាវនេះនៅក្នុងលិខិតមួយផ្ញើជូនអគ្គលេខាធិការអង្គការសហប្រជាជាតិលោក António Guterres និងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ កាលពីថ្ងៃពុធ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥។ លោកបានចាត់ទុកការវាយប្រហារនេះថាជា «អំពើឈ្លានពាន» និងបានបញ្ជាក់ថា សហរដ្ឋអាមេរិកក៏ត្រូវទទួលខុសត្រូវផងដែរចំពោះការវាយប្រហារដែលធ្វើឡើងដោយអ៊ីស្រាអែល។

លោក Araghchi បានលើកឡើងពីសម្ដីរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីសប្តាហ៍មុន ដែលក្នុងនោះលោកបាននិយាយថា លោកបានដឹកនាំការវាយប្រហារលើកដំបូងរបស់អ៊ីស្រាអែលទៅលើអ៊ីរ៉ង់។ អ៊ីរ៉ង់បានបញ្ជាក់ថា ការទទួលស្គាល់នេះបង្ហាញយ៉ាងច្បាស់ពីការលូកដៃរបស់អាមេរិក។

លោក Araghchi បានសរសេរថា «ប្រធានាធិបតីត្រាំ និងមន្ត្រីអាមេរិកផ្សេងទៀតត្រូវទទួលខុសត្រូវព្រហ្មទណ្ឌចំពោះការវាយប្រហារនៅថ្ងៃទី១៣ ខែមិថុនា» ដោយជំរុញឲ្យអង្គការសហប្រជាជាតិអនុវត្តច្បាប់អន្តរជាតិ និងដាក់ចេញ «វិធានការសមស្រប» លើអាមេរិក និងអ៊ីស្រាអែល។

អង្គការសហប្រជាជាតិ និងបេសកជនរបស់សហរដ្ឋអាមេរិកនៅទីក្រុងញូវយ៉កមិនបានធ្វើអត្ថាធិប្បាយភ្លាមៗទេ។

កាលពីថ្ងៃទី៦ ខែវិច្ឆិកា លោកត្រាំបានប្រាប់អ្នកយកព័ត៌មានថា លោកគឺជា «អ្នកដឹកមុខយ៉ាងសំខាន់» ចំពោះការវាយប្រហារដំបូងរបស់អ៊ីស្រាអែលទៅលើអ៊ីរ៉ង់។ ទីក្រុងតេហេរ៉ង់អះអាងថា ការវាយប្រហារនោះបានបង្កឲ្យមានជម្លោះផ្លូវអាកាសរយៈពេល ១២ ថ្ងៃរវាងកងកម្លាំងអ៊ីរ៉ង់ និងភាគីអាមេរិក-អ៊ីស្រាអែល។
រូបភាពតំណាង

អ៊ីរ៉ង់បានឲ្យដឹងថា មនុស្សជាង ៩០០ នាក់បានស្លាប់នៅក្នុងការវាយប្រហារនេះ រួមទាំងមន្ត្រីយោធាជាន់ខ្ពស់ផងដែរ។ លោក Araghchi បានរៀបរាប់ថា បុគ្គលនៅក្នុងប្រទេសអ៊ីស្រាអែលដែលបានជួយរៀបចំផែនការ ឬអនុវត្តការវាយប្រហារនេះ ក៏គួរតែត្រូវទទួលខុសត្រូវចំពោះ «ឧក្រិដ្ឋកម្មសង្គ្រាម» ផងដែរ។

ការអំពាវនាវរបស់អ៊ីរ៉ង់កើតឡើងចំពេលដែលទាំងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេហេរ៉ង់បានបង្ហាញថា ពួកគេនៅតែបើកចំហចំពោះការចរចា។ អនុរដ្ឋមន្ត្រីរបស់លោក Araghchi បាននិយាយកាលពីដើមសប្តាហ៍នេះថា អ៊ីរ៉ង់នៅតែស្វែងរក «កិច្ចព្រមព្រៀងនុយក្លេអ៊ែរសន្តិភាព» ជាមួយអាមេរិក។

លោកត្រាំក៏បានបង្ហាញដែរថា លោកត្រៀមខ្លួនជាស្រេចក្នុងការចរចា ដោយនិយាយថា អាមេរិកនៅតែបើកចំហសម្រាប់មិត្តភាព និងកិច្ចសហប្រតិបត្តិការ។

យ៉ាងណាមិញ បច្ចុប្បន្នភាពតានតឹងរវាងភាគីទាំងពីរនៅតែមានកម្រិតខ្ពស់ បន្ទាប់ពីការប៉ះទង្គិចយោធា និងការចោទប្រកាន់គ្នាជាច្រើនខែ។ អ៊ីរ៉ង់ទទូចថា អង្គការសហប្រជាជាតិត្រូវតែឆ្លើយតបយ៉ាងម៉ឺងម៉ាត់ ដោយហៅការវាយប្រហារក្នុងខែមិថុនាថាជា «ទង្វើសង្គ្រាមខុសច្បាប់» ដែលបញ្ជាដោយទីក្រុងវ៉ាស៊ីនតោន និងអនុវត្តដោយអ៊ីស្រាអែល។

administrator

Related Articles