ដំណឹងល្អ! កម្ពុជាគ្មានករណីផ្សោតស្លាប់ពេញមួយឆ្នាំ ២០២៥ នេះជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ!

ដំណឹងល្អ! កម្ពុជាគ្មានករណីផ្សោតស្លាប់ពេញមួយឆ្នាំ ២០២៥ នេះជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ!

(ភ្នំពេញ)៖ ជាដំណឹងដ៏គួរឱ្យរំភើប និងមោទនភាព! ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រកាសនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ថា ក្នុងរយៈពេលមួយឆ្នាំចុងក្រោយនេះ កម្ពុជាបានបោះជំហានដ៏ធំធេងក្នុងការការពារ និងអភិរក្សសត្វផ្សោតទន្លេមេគង្គ ប្រកបដោយជោគជ័យគួរជាទីស្ញប់ស្ញែង។

អ្វីដែលពិសេសនោះ គឺគិតចាប់ពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ រហូតដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ កម្ពុជាមិនមានករណីសត្វផ្សោតស្លាប់សូម្បីតែមួយក្បាលឡើយ។ នេះពិតជាកំណត់ត្រាប្រវត្តិសាស្ត្រលើកដំបូងបង្អស់ ចាប់តាំងពីការចាប់ផ្តើមតាមដាន និងកត់ត្រាពីឆ្នាំ២០០២មក ដែលសត្វផ្សោតនៅកម្ពុជាត្រូវបានការពារប្រកបដោយប្រសិទ្ធភាព រហូតគ្មានការបាត់បង់អាយុជីវិតពេញមួយឆ្នាំ។

មិនត្រឹមតែប៉ុណ្ណោះ គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២៥ នេះ កម្ពុជាបានទទួលស្វាគមន៍កំណើតកូនផ្សោតថ្មីរហូតដល់ ៧ក្បាល ដែលនាំឱ្យចំនួនសត្វផ្សោតសរុបនៅក្នុងប្រទេសកើនឡើងដល់ ១១១ក្បាល ជាចំនួនដែលគួរឱ្យរីករាយក្រៃលែង។

ជោគជ័យដ៏ត្រចះត្រចង់នេះ គឺកើតចេញពីការខិតខំប្រឹងប្រែងរួមគ្នាប្រកបដោយប្រសិទ្ធភាពខ្ពស់ ក្នុងការគ្រប់គ្រង ថែរក្សា ការពារ និងអភិរក្សសត្វផ្សោតទន្លេមេគង្គរបស់យើង។ សមិទ្ធផលដ៏មានតម្លៃនេះ គឺដោយសារការយកចិត្តទុកដាក់ខ្ពស់ពីរាជរដ្ឋាភិបាល ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលមានរដ្ឋបាលជលផលជាសេនាធិការ រដ្ឋបាលថ្នាក់ក្រោមជាតិ សមត្ថកិច្ចពាក់ព័ន្ធ អង្គការ WWF សហគមន៍នេសាទ ជាពិសេសអ្នកលះបង់ដែលបានចូលរួមការពារសត្វផ្សោតដោយកម្លាំងកាយចិត្តប្រកបដោយទំនួលខុសត្រូវខ្ពស់។ ក្រៅពីនេះ ក៏មានការចូលរួមយ៉ាងសកម្មពីសំណាក់ប្រជានេសាទក្នុងតំបន់ ដែលតែងតែសហការផ្តល់ព័ត៌មានពាក់ព័ន្ធនឹងសត្វផ្សោត និងការនេសាទខុសច្បាប់ផងដែរ។

គួររំលឹកផងដែរថា មុនឆ្នាំ២០២៣ សត្វផ្សោតនៅទន្លេមេគង្គក្នុងខេត្តក្រចេះ និងស្ទឹងត្រែង ធ្លាប់រងការគំរាមកំហែងយ៉ាងខ្លាំងពីការនេសាទខុសច្បាប់ ជាពិសេសការប្រើឧបករណ៍ឆក់។ ប៉ុន្តែនៅពេលសម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកការដ្ឋានសាងសង់ស្ពានឆ្លងទន្លេនៅខេត្តក្រចេះ កាលពីឆ្នាំ២០២៣ សម្តេចបានអំពាវនាវឱ្យមានវិធានការជាក់លាក់ ដើម្បីការពារសត្វផ្សោត។ ក្រោយការអំពាវនាវនោះ អាជ្ញាធរពាក់ព័ន្ធទាំងថ្នាក់ជាតិ និងក្រោមជាតិ បានដាក់ចេញវិធានការបន្ទាន់ និងម៉ឺងម៉ាត់ ដែលធ្វើឱ្យស្ថានភាពសត្វផ្សោតមានភាពល្អប្រសើរឡើងវិញ ពោលគឺចំនួនសត្វស្លាប់មានការថយចុះ ហើយកូនផ្សោតកើតថ្មីមានការកើនឡើង។

ជាចុងក្រោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏បានបន្តអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសបងប្អូនអ្នកនេសាទទាំងអស់ សូមមេត្តាផ្តល់ព័ត៌មានដល់សមត្ថកិច្ចជាបន្ទាន់ នៅពេលប្រទះឃើញសកម្មភាពនេសាទខុសច្បាប់ នៅក្នុងតំបន់អភិរក្ស និងការពារសត្វផ្សោតទន្លេមេគង្គ តាមរយៈលេខទូរស័ព្ទដូចមានខាងក្រោម៖ ០៩៩ ៧៩១ ៩១៩, ០៩៧ ៦៦៦ ៤៩៩៩, ០១១ ៣៥៥ ៨៨៣, ០៨៨ ៨៣៥៥ ៨៨៣, ០១២ ៨៩៧ ៩៤៣៕

administrator

Related Articles