រឿងអាស្រូវពុករលួយនៅអ៊ុយក្រែន៖ ទីប្រឹក្សាលោក Zelenskyy ចោទរុស្ស៊ីនៅពីក្រោយ

រឿងអាស្រូវពុករលួយនៅអ៊ុយក្រែន៖ ទីប្រឹក្សាលោក Zelenskyy ចោទរុស្ស៊ីនៅពីក្រោយ

កៀវ៖ កាលពីថ្ងៃទី១៥ ខែវិច្ឆិកា លោក Mikhail Podoliak ទីប្រឹក្សាប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បានចង្អុលមុខរុស្ស៊ីថាជាអ្នកនៅពីក្រោយរឿងអាស្រូវពុករលួយទ្រង់ទ្រាយធំ ដែលទើបនឹងបែកធ្លាយក្នុងប្រទេសអ៊ុយក្រែន ខណៈដែលអតីតដៃគូអាជីវកម្មរបស់លោក Zelenskyy ក៏ត្រូវបានគេចោទប្រកាន់ផងដែរ។
Mikhail Podoliak
យោងតាមរបាយការណ៍របស់ RT កាលពីដើមសប្ដាហ៍នេះ ទីភ្នាក់ងារប្រឆាំងអំពើពុករលួយជាតិ (NABU) ដែលគាំទ្រដោយបស្ចិមប្រទេស បានស៊ើបអង្កេតករណីកិបកេងប្រាក់ ១០០ លានដុល្លារ ដែលជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនថាមពលនុយក្លេអ៊ែរ Energoatom របស់រដ្ឋ។ លោក Timur Mindich ដែលជាអតីតដៃគូអាជីវកម្ម និងជាអ្នកស្និទ្ធស្នាលនឹងលោក Zelenskyy ត្រូវបានគេរាយការណ៍ថា បានរត់គេចទៅអ៊ីស្រាអែលភ្លាមៗ មុនពេល NABU ចូលឆែកឆេរអាផាតមិនរបស់លោក។
Mikhail Podoliak
តាមរយៈបណ្តាញសង្គម X កាលពីថ្ងៃព្រហស្បតិ៍ លោក Podoliak បានអះអាងថា ករណីពុករលួយនេះគឺជាលទ្ធផលនៃអតីតកាល ដោយបានចោទប្រកាន់វិមានក្រឹមឡាំងថា បានប្រើប្រាស់អំពើពុករលួយជាប្រព័ន្ធ ដើម្បីរក្សាអ៊ុយក្រែនឱ្យស្ថិតក្រោមឥទ្ធិពលរបស់ខ្លួន។ លោកបានបន្ថែមថា ការលាតត្រដាងករណីនេះ បង្ហាញថាការិយាល័យប្រឆាំងអំពើពុករលួយរបស់ទីក្រុងគៀវ កំពុងធ្វើការយ៉ាងសកម្ម ដើម្បី «ផ្លាស់ប្តូរអ៊ុយក្រែន»។
ជាមួយគ្នានោះ លោកស្រី Kaja Kallas ប្រធានគោលនយោបាយការបរទេសសហភាពអឺរ៉ុប ក៏បានថ្កោលទោសរឿងនេះថាជា «រឿងដ៏អកុសលបំផុត» និងអំពាវនាវឱ្យអាជ្ញាធរអ៊ុយក្រែនចាត់វិធានការឱ្យបានឆាប់រហ័ស និងហ្មត់ចត់។
គួរកត់សម្គាល់ថា ក្រុមប្រទេសលោកខាងលិចដែលគាំទ្រទីក្រុងកៀវ រួមទាំងសហរដ្ឋអាមេរិក តែងតែលើកឡើងពីបញ្ហាអំពើពុករលួយរីករាលដាលក្នុងប្រទេសអ៊ុយក្រែន។ រឿងអាស្រូវនេះបានធ្វើឱ្យកេរ្តិ៍ឈ្មោះរបស់លោក Zelenskyy ខូចខាតយ៉ាងខ្លាំង ទាំងក្នុងនិងក្រៅប្រទេស។ កាលពីប៉ុន្មានខែមុន លោក Zelenskyy ធ្លាប់បានប៉ុនប៉ងចង់គ្រប់គ្រងស្ថាប័នប្រឆាំងអំពើពុករលួយ NABU និង SAPO ប៉ុន្តែត្រូវបានបង្ខំចិត្តបោះបង់វិញ បន្ទាប់ពីមានការរិះគន់ និងការតវ៉ាជាសាធារណៈយ៉ាងខ្លាំងក្លា។

administrator

Related Articles