ចាប់ខ្លួន២នាក់! ក្មេងទំនើងនៅបសេដ្ឋ វាយកម្ទេចម៉ូតូអ្នកដទៃ ព្រោះតែរឿងជិះវ៉ា

ចាប់ខ្លួន២នាក់! ក្មេងទំនើងនៅបសេដ្ឋ វាយកម្ទេចម៉ូតូអ្នកដទៃ ព្រោះតែរឿងជិះវ៉ា

ខេត្តកំពង់ស្ពឺ៖ អនុវត្តតាមបទបញ្ជា និងការចង្អុលការណែនាំដ៏ខ្ជាប់ខ្ជួនពីលោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ កម្លាំងអធិការដ្ឋាននគរបាលស្រុកបសេដ្ឋ ក្រោមការដឹកនាំដោយផ្ទាល់ពីលោកវរសេនីយ៍ឯក ចន សុភីត អធិការនគរបាលស្រុក បានបើកប្រតិបត្តិការស្រាវជ្រាវ និងឈានដល់ការឃាត់ខ្លួនក្រុមជនសង្ស័យ២នាក់ នៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ដែលជាអ្នកបង្កហេតុ ក្នុងករណីបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ។ ហេតុការណ៍នេះបានកើតឡើងនៅចំណុចផ្លូវ១៤៥ ស្ថិតក្នុងភូមិព្រៃពាយ ឃុំទួលអំពិល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។

មន្ត្រីនគរបាលស្រុកបានរៀបរាប់ឱ្យដឹងថា កាលពីពេលកើតហេតុ មានក្រុមក្មេងទំនើងមួយក្រុម ដែលមិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពឃាត់ម៉ូតូរបស់ជនរងគ្រោះម៉ាកហុងដា ស៊េរីឆ្នាំ២០២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ស្ពឺ 1AA 0602។ បន្ទាប់មក ពួកគេបានប្រើប្រាស់កាំបិតផ្គាក់ និងដែកទីប វាយកម្ទេចម៉ូតូនេះបណ្តាលឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរ រីឯជនរងគ្រោះបានរត់គេចខ្លួនដោយសុវត្ថិភាព។

ភ្លាមៗបន្ទាប់ពីកើតហេតុ មានប្រជាពលរដ្ឋបានរាយការណ៍ទៅប៉ុស្តិ៍នគរបាលរដ្ឋបាលទួលអំពិល ដែលបានចុះដល់កន្លែងកើតហេតុ និងបានសហការស្រាវជ្រាវកំណត់អត្តសញ្ញាណក្រុមក្មេងទំនើង រហូតឈានដល់ការឃាត់ខ្លួនបានជនសង្ស័យ២នាក់។ ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន៖ កាំបិតផ្គាក់១ដើម ដំបងទីបដែក២ដើម និងម៉ូតូ១គ្រឿងរបស់ជនរងគ្រោះ។ ជនសង្ស័យទាំង២នាក់ រួមមាន៖ ១/ឈ្មោះ ឡុង វិសាល ភេទប្រុស អាយុ១៦ឆ្នាំ និង ២/ឈ្មោះ ដុល គីមណៃ ភេទប្រុស អាយុ១៧ឆ្នាំ ដែលទាំងពីរនាក់ស្នាក់នៅភូមិព្រៃពាយ ឃុំទួលអំពិល ស្រុកបសេដ្ឋ។

តាមចម្លើយសារភាពរបស់ក្មេងទំនើងទាំង២នាក់បានឱ្យដឹងថា មូលហេតុនៃការបង្កហិង្សាគឺបណ្តាលមកពីភាគីម្ចាស់ម៉ូតូបានជិះវ៉ាក្រុមខ្លួនចុះឡើងៗ ទើបបង្កជាអំពេីហិង្សាឡើង។ ទោះបីជាយ៉ាងណាក៏ដោយ ការប្រើប្រាស់អំពើហិង្សាដោយមានប្រើប្រាស់អាវុធ គឺជាអំពើខុសនឹងផ្លូវច្បាប់ព្រហ្មទណ្ឌ។

បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ រួមជាមួយវត្ថុតាង ត្រូវបានបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកបសេដ្ឋ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីបន្ត។

administrator

Related Articles