ភ្នំពេញ៖ យុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ – Say No To Fake News» ដែលផ្តួចផ្តើមដោយក្រសួងព័ត៌មាន បានបង្ហាញលទ្ធផលដ៏ល្អប្រសើរ និងទទួលបានការគាំទ្រយ៉ាងខ្លាំងក្លាពីប្រជាពលរដ្ឋទូទាំងប្រទេស បន្ទាប់ពីអនុវត្តបានរយៈពេល ៦ខែ ចាប់ពីខែមេសា ដល់ខែកញ្ញា ឆ្នាំ២០២៥។ លេខាធិការដ្ឋាននៃក្រុមការងារចំពោះកិច្ច បានបញ្ជាក់ថា យុទ្ធនាការនេះកំពុងបន្តដំណើរការយ៉ាងសកម្មនៅតាមបណ្តារាជធានី-ខេត្ត ដោយមានការចូលរួមជាប្រចាំពីសាធារណជន ទាំងលើបណ្តាញសង្គម និងសកម្មភាពផ្ទាល់ក្នុងសហគមន៍។ 
លោក ទេព អស្ចារិទ្ធ អនុរដ្ឋលេខាធិការ និងជាប្រធានលេខាធិការដ្ឋានក្រុមការងារយុទ្ធនាការ បានមានប្រសាសន៍នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះថា ការអនុវត្តយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយ នៅតាមបណ្តារាជធានី-ខេត្ត បានសម្រេចលទ្ធផលសំខាន់ៗជាច្រើនដូចខាងក្រោម៖
១- យុទ្ធនាការបានផ្តល់ព័ត៌មាន និងបង្កើនចំណេះដឹងយ៉ាងទូលំទូលាយអំពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ ព្រមទាំងវិធីសាស្រ្តផ្ទៀងផ្ទាត់ព័ត៌មាន។ ក្នុងរយៈពេលនេះ មាតិកាអប់រំប្រមាណជាង ២៥.៦០០ ដង/មាតិកា ត្រូវបានផ្សព្វផ្សាយតាមបណ្តាញព័ត៌មានរដ្ឋ-ឯកជន និងបណ្តាញសង្គម។ ក្នុងនោះមានមាតិកាថ្មីប្រមាណ ២.០០០ មាតិកា ដែលបង្ហាញពីរបៀបកំណត់ព័ត៌មានក្លែងក្លាយ រួមទាំងព័ត៌មានបង្កើតដោយ AI ផងដែរ។ មាតិកាទាំងនេះទទួលបានការចែករំលែកបន្តដោយការទទួលខុសត្រូវពីប្រជាពលរដ្ឋ និងអ្នកប្រើប្រាស់បណ្តាញសង្គម។
២- ព្រឹត្តិការណ៍ផ្សព្វផ្សាយតាមទីសាធារណៈ និងពិធីប្រជុំអប់រំនៅតាមបណ្តាខេត្ត ក្រុង ស្រុក ចំនួន ២៨២ លើក ត្រូវបានរៀបចំឡើងនៅរាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពឺ កំពង់ឆ្នាំង តាកែវ កំពត កែប ព្រះសីហនុ កោះកុង កំពង់ចាម ព្រៃវែង ស្វាយរៀង ពោធិ៍សាត់ សៀមរាប និងស្ទឹងត្រែង។ យុទ្ធនាការនេះបានចុះផ្សព្វផ្សាយផ្ទាល់ដល់សិស្សានុសិស្សតាមសាលារៀន សហគមន៍ និងភូមិ-ឃុំ ដែលមានប្រជាពលរដ្ឋប្រើប្រាស់បណ្តាញសង្គម។ សកម្មភាពនេះបន្តអនុវត្តតាមខេត្តផ្សេងៗទៀត ខណៈការផ្សព្វផ្សាយលើបណ្តាញសង្គមនៅតែបន្តជាប្រចាំ។ 
៣- ការគាំទ្រពីសាធារណៈជនមានសន្ទុះយ៉ាងខ្លាំងក្លា ដោយមានអ្នកចូលរួមប្រមាណជាង ៥លាននាក់ និងបន្តកើនឡើង។ យុទ្ធនាការក៏បានផ្ញើសារអប់រំតាមប្រព័ន្ធ TRC-SMS ទៅកាន់អ្នកប្រើប្រាស់ទូរសព្ទចល័តចំនួនជាង ២៣លាននាក់/គណនី ទូទាំងប្រទេសកម្ពុជា។
៤- ផ្ទាំងប៉ាណូធំៗចំនួន ៤៥ផ្ទាំង ត្រូវបានដាក់ផ្សព្វផ្សាយតាមទីសាធារណៈក្នុងរាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ចាម សៀមរាប រតនគិរី ត្បូងឃ្មុំ តាកែវ ព្រះសីហនុ ស្វាយរៀង កំពង់ស្ពឺ កំពត កែប មណ្ឌលគិរី កំពង់ឆ្នាំង និងបាត់ដំបង ដើម្បីធានាការផ្សព្វផ្សាយព័ត៌មានឱ្យកាន់តែទូលំទូលាយ។
៥- ក្នុងក្របខណ្ឌធានាសណ្តាប់ធ្នាប់សារព័ត៌មាន និងការផ្សាយលើបណ្តាញសង្គម ក្រសួងព័ត៌មានបានដាក់ចេញនូវសេចក្តីណែនាំ និងបទដ្ឋានតម្រង់ទិសស្តីពីក្រមសីលធម៌ និងនិយាមប្រតិបត្តិសម្រាប់អ្នកសារព័ត៌មាន និងអ្នកបង្កើតមាតិកា ដើម្បីលើកកម្ពស់សុវត្ថិភាពព័ត៌មាន និងពង្រឹងការប្រើប្រាស់បណ្តាញសង្គមប្រកបដោយការទទួលខុសត្រូវ។
លោក ទេព អស្ចារិទ្ធ បានគូសបញ្ជាក់ថា ជាមួយសមិទ្ធផលទាំងនេះ យុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» កំពុងក្លាយជាចលនាជាតិដ៏សំខាន់មួយ ដើម្បីផ្តល់ការការពារជូនប្រជាពលរដ្ឋពីមហន្តរាយដែលបង្កឡើងដោយព័ត៌មានក្លែងក្លាយ។
ការរីករាលដាលនៃព័ត៌មានក្លែងក្លាយកាន់តែមានភាពខ្លាំងក្លាឡើង ហើយបានក្លាយជាក្តីបារម្ភចម្បងមួយសម្រាប់ពិភពលោកទាំងមូល ជាពិសេសនៅពេលបច្ចេកវិទ្យាកំពុងវិវឌ្ឍន៍ឥតឈប់ឈរ។ លោក ទេព អស្ចារិទ្ធ បានមានប្រសាសន៍ថា៖ «នៅកម្ពុជា យុទ្ធនាការនេះ រួមជាមួយយន្តការប្រឆាំងព័ត៌មានក្លែងក្លាយរបស់ក្រសួងព័ត៌មាន បានផ្តល់ភាពជឿជាក់ពីប្រជាពលរដ្ឋមកលើការដឹកនាំ និងឆ្លុះបញ្ចាំងពីឆន្ទៈក្នុងការការពារសហគមន៍ និងសង្គមជាតិពីគ្រោះថ្នាក់ដែលបង្កឡើងដោយព័ត៌មានក្លែងក្លាយ រាប់បញ្ចូលទាំងព័ត៌មានក្លែងក្លាយដែលបង្កើតដោយបច្ចេកវិទ្យា AI»។
លោកអនុរដ្ឋលេខាធិការបានបន្តថា យុទ្ធនាការនេះបានបង្កើនការយល់ដឹងជាសាធារណៈអំពីផលវិបាក និងគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ ជាពិសេសលើកកម្ពស់កម្រិតអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយក្នុងចំណោមអ្នកប្រើប្រាស់បណ្តាញសង្គមនៅកម្ពុជា។ យុទ្ធនាការនេះកាន់តែសកម្មឡើង ដោយមានការចូលរួមពីពលរដ្ឋ អាជីវករ មន្ត្រីរាជការ អ្នកសារព័ត៌មាន សិស្ស និស្សិត និងអ្នកបង្កើតមាតិកាជាច្រើន ដើម្បីទប់ស្កាត់ការបង្កើត និងចែកចាយព័ត៌មានក្លែងក្លាយ ធានាសុវត្ថិភាពព័ត៌មានក្នុងសង្គម។
តាមរយៈយុទ្ធនាការនេះ កម្រិតអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយរបស់ប្រជាពលរដ្ឋកម្ពុជា ត្រូវបានកើនឡើងមួយកម្រិតទៀត ពិសេសក្នុងចំណោមអ្នកប្រើប្រាស់បណ្តាញសង្គមគ្រប់ប្រភេទ រួមទាំងយុវវ័យផងដែរ។ ប្រជាពលរដ្ឋបានយល់ច្បាស់អំពីផលវិបាក និងមហន្តរាយពីការផលិត និងចែករំលែកព័ត៌មានមិនពិត ឬគ្មានប្រភពច្បាស់លាស់។ ពួកគេទទួលបានចំណេះដឹងអំពី #សន្តិសុខព័ត៌មាន និងបានចែករំលែកចំណេះដឹងទាំងនោះដល់ក្រុមគ្រួសារ មិត្តភក្តិ និងសហគមន៍ អំពីការពិនិត្យព័ត៌មានពីបណ្តាញសង្គម ដោយផ្ទៀងផ្ទាត់ជាមួយប្រភពផ្លូវការ និងសារព័ត៌មានដែលគោរពក្រមសីលធម៌វិជ្ជាជីវៈ មុននឹងជឿ ឬចែករំលែកបន្ត ដើម្បីរួមចំណែកដល់សណ្តាប់ធ្នាប់ សុខសាន្ត និងការអភិវឌ្ឍសង្គម។ 
លោក ទេព អស្ចារិទ្ធ បានអំពាវនាវដល់ប្រជាពលរដ្ឋទូទាំងប្រទេស ជានិច្ចកាលសូមតាមដានព័ត៌មាននានាពីប្រភពផ្លូវការ សម្រាប់ការទទួលបានព័ត៌មានប្រចាំថ្ងៃ ជាពិសេសបញ្ហាសំខាន់ៗក្នុងសង្គម រាប់បញ្ចូលទាំងប្រធានបទព្រំដែនកម្ពុជា-ថៃផងដែរ។
សូមបញ្ជាក់ថា យុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ត្រូវបានផ្តួចផ្តើម និងដឹកនាំដោយក្រសួងព័ត៌មាន ហើយបានអនុវត្តតាំងពីខែមេសា ឆ្នាំ២០២៥ និងកំពុងបន្តសកម្មភាពទូទាំងរាជធានី-ខេត្ត ក្រោមការរៀបចំ និងការចូលរួមពីថ្នាក់ដឹកនាំនៃគណៈអភិបាលរាជធានី-ខេត្ត អាជ្ញាធរគ្រប់លំដាប់ថ្នាក់ វិស័យឯកជន និងដៃគូពាក់ព័ន្ធ៕
