(ភ្នំពេញ)៖ លោក ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរស៊ីវិលកម្ពុជា នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានចេញមុខបដិសេធជាថ្មីម្តងទៀត ចំពោះព័ត៌មានមិនពិតដែលបានចែកចាយព្រោងព្រាតលើបណ្តាញសង្គម ដោយអះអាងថា «ថៃប្រកាសបិទជើងហោះហើរជាមួយកម្ពុជា»។ លោកបានបញ្ជាក់យ៉ាងច្បាស់ថា ព័ត៌មានទាំងនេះជាការភ័ន្តច្រឡំ និងមិនមានមូលដ្ឋានការពិតឡើយ។

ការបដិសេធនេះកើតឡើងបន្ទាប់ពីគណនីហ្វេសប៊ុកមួយឈ្មោះ «ធី សុវណ្ណថា» បានបង្ហោះសារថា «ថៃខឹងប្រទេសជាច្រើន ប្តូរជើងយន្តហោះ ហោះត្រង់មកកម្ពុជា លែងឆ្លងកាត់ថៃ ពេលនេះ ថៃប្រកាសបិទជើងហោះហើរជាមួយកម្ពុជា»។ ជុំវិញការបង្ហោះព័ត៌មានមិនពិតនេះ លោក ស៊ីន ចាន់សិរីវុត្ថា បានថ្លែងថា៖ «ខ្ញុំគិតថា នេះជាយោបល់ឯកជនរបស់គាត់ [ធី សុវណ្ណថា] ផ្អែកលើព័ត៌មានមិនពិត ដែលយើងបានបកស្រាយបំភ្លឺហើយ។ មកដល់ពេលនេះ យើងមិនទាន់បានទទួលលិខិតជាផ្លូវការ ពីអាជ្ញាធរមានសមត្ថកិច្ចថៃណាមួយនៅឡើយទេ ហើយយើងកំពុងតែតាមដានស្ថានការណ៍នេះយ៉ាងយកចិត្តទុកដាក់»។
ជាមួយគ្នានេះ លោកក៏បានអំពាវនាវដល់សាធារណជន ជាពិសេសអ្នកប្រើប្រាស់បណ្តាញសង្គមទាំងអស់ កុំឲ្យបន្តបង្ហោះ ឬចែកចាយព័ត៌មានមិនពិតទាំងនេះតទៅទៀត ដើម្បីចៀសវាងការបង្កឱ្យមានការភាន់ច្រឡំ និងប៉ះពាល់ដល់សាធារណមតិ៕
