ឱកាសមាស! អតីតពលករខ្មែរនៅបាត់ដំបង រីករាយនឹងពិព័រណ៍ការងាររបស់ក្រសួង ដែលនាំការងារដល់មូលដ្ឋាន

ឱកាសមាស! អតីតពលករខ្មែរនៅបាត់ដំបង រីករាយនឹងពិព័រណ៍ការងាររបស់ក្រសួង ដែលនាំការងារដល់មូលដ្ឋាន

ខេត្តបាត់ដំបង ៖ អតីតពលករខ្មែរដែលបានត្រឡប់មកពីប្រទេសថៃវិញ ក្នុងខេត្តបាត់ដំបង កំពុងបង្ហាញក្ដីរីករាយយ៉ាងខ្លាំង ចំពោះការរៀបចំពិព័រណ៍ការងារដ៏ធំរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលបាននាំយកឱកាសការងារជាង ១,១ម៉ឺនកន្លែង វគ្គបណ្ដុះបណ្ដាលជំនាញបច្ចេកទេសវិជ្ជាជីវៈ និងអត្ថប្រយោជន៍ ប.ស.ស. មកផ្សព្វផ្សាយដល់ភូមិឋានរបស់ពួកគាត់ផ្ទាល់។Job fair in Battambang

ពិព័រណ៍ការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈនេះ ត្រូវបានរៀបចំឡើងនៅវត្តសុវណ្ណបុប្ផារាមថ្មគោល ស្រុកថ្មគោល ខេត្តបាត់ដំបង កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ កន្លងទៅនេះ ក្នុងគោលបំណងផ្ដល់លទ្ធភាពដល់បងប្អូនអតីតពលករដែលទើបត្រឡប់មកពីប្រទេសថៃ អាចស្វែងរកការងារសមស្របនឹងខ្លួនបានយ៉ាងងាយស្រួល។Former workers at job fair

អ្នកស្រី ស៊ាង សាន្ត អតីតពលករមកពីថៃម្នាក់ បានសម្ដែងក្ដីសប្បាយចិត្តយ៉ាងខ្លាំង ដែលបានចូលរួមក្នុងពិព័រណ៍ការងារនេះ ដោយសារអ្នកស្រីទទួលបានសេវាដឹកជញ្ជូន អាហារ និងភេសជ្ជៈដោយឥតគិតថ្លៃ។ ក្រោយពីបានសាកសួរព័ត៌មានពីបណ្ដាក្រុមហ៊ុនជាច្រើន អ្នកស្រីបានសម្រេចចិត្តដាក់ពាក្យធ្វើការងារក្នុងវិស័យសំណង់។ អ្នកស្រីបានគូសបញ្ជាក់ថា នេះជាការងាយស្រួលបំផុតសម្រាប់អ្នកស្រី ក៏ដូចជាបងប្អូនអតីតពលករផ្សេងទៀតដែលកំពុងស្វែងរកការងារធ្វើ នៅពេលដែលក្រសួងការងាររៀបចំពិព័រណ៍នេះមកដល់មូលដ្ឋានផ្ទាល់។ អ្នកស្រី ស៊ាង សាន្ត បានរៀបរាប់ថា «កាលពីមុន យើងទៅរកការងារធ្វើនៅភ្នំពេញ ជួនកាលបានធ្វើ ជួនកាលអត់បានធ្វើ ហើយនៅឆ្ងាយផង។ ឥឡូវនេះ ក្រសួងរៀបចំនៅភូមិស្រុកយើងនេះ យើងមានការងាយស្រួលច្រើន»។Interview with a former worker

ស្រដៀងគ្នានេះដែរ លោក ខ្លូត ធា អតីតពលករមួយរូបទៀត ក៏បានថ្លែងពីក្ដីរីករាយរបស់លោកផងដែរ ដែលក្រសួងការងារបានរៀបចំពិព័រណ៍ការងារនេះឡើង ព្រោះវាផ្ដល់ឱកាសការងារជាច្រើនសម្រាប់លោកជ្រើសរើស។ លោកបានបញ្ជាក់ថា លោកក៏បានទទួលការជិះរថយន្ដដោយឥតគិតថ្លៃ ព្រមទាំងអាហារ ភេសជ្ជៈ និងការកាត់សក់ដោយមិនអស់ប្រាក់ថែមទៀតផង។ ចំពោះការរៀបចំពិព័រណ៍នៅមូលដ្ឋានបែបនេះ បានធ្វើឱ្យលោកមានភាពងាយស្រួលជាច្រើន។ លោក ខ្លូត ធា បានបន្ថែមថា «ងាយស្រួលច្រើនណាស់ ណាមួយយើងអត់ខាតពេលវេលាដើររកតាមខេត្ត តាមរាជធានីភ្នំពេញ។ ឥឡូវនេះក្រសួងការងាររៀបចំឱ្យក្រុមហ៊ុនមកសម្ភាសន៍ផ្ទាល់ ងាយស្រួល»។ នៅក្នុងពិព័រណ៍នោះ លោកបានដាក់ពាក្យ៣កន្លែង ហើយសង្ឃឹមយ៉ាងមុតមាំថានឹងទទួលបានការងារធ្វើ។Another former worker shares experience

ចំណែកលោក ម៉ាន សេរី អតីតពលករមកពីថៃម្នាក់ទៀត ក៏បានបញ្ជាក់ដែរថា ការរៀបចំពិព័រណ៍ការងារនៅតាមខេត្តនេះ បានបង្កលក្ខណៈងាយស្រួលដល់លោក ក៏ដូចជាអតីតពលករផ្សេងទៀត ឱ្យទទួលបានឱកាសការងារធ្វើ។ លោកបានលើកឡើងថា «ងាយស្រួលត្រង់ថា មករកដល់ភូមិហើយ មានឡានជូនដល់កន្លែងសម្ភាសន៍ការងារទៀត»។ លោកក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលបានគិតគូរទាំងអតីតពលករត្រឡប់មកពីថៃ ក៏ដូចជាអ្នកស្វែងរកការងារធ្វើ ឱ្យទទួលបានការងារសមរម្យ។

អតីតពលករទាំង ៣រូបខាងលើនេះ ក៏បានអំពាវនាវដល់ពលករខ្មែរផ្សេងទៀតដែលកំពុងធ្វើការនៅប្រទេសថៃ សូមត្រឡប់មកស្រុកកំណើតវិញ ព្រោះថាប្រទេសកម្ពុជាមិនខ្វះការងារធ្វើនោះទេ។ លើសពីនេះ ពួកគាត់ក៏បានអំពាវនាវដល់អតីតពលករដទៃទៀត ចូលរួមក្នុងពិព័រណ៍ការងារដែលរៀបចំដោយក្រសួងការងារ ដើម្បីទទួលបានឱកាសការងារល្អៗផងដែរ។

administrator

Related Articles