រាជធានីភ្នំពេញ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានសង្កត់ធ្ងន់ថា គ្រូពេទ្យវះកាត់ដើរតួនាទីជាស្នូលយ៉ាងសំខាន់ក្នុងការសម្រេចបាននូវការព្យាបាលជំងឺមហារីកឱ្យជាសះស្បើយដាច់ស្រឡះ ដែលជាកិច្ចខិតខំប្រឹងប្រែងសង្គ្រោះអាយុជីវិតប្រកបដោយប្រសិទ្ធភាពខ្ពស់។ ការលើកឡើងនេះ ធ្វើឡើងក្នុងឱកាសដែលឯកឧត្តមអញ្ជើញជាអធិបតីក្នុងពិធីបើកសន្និសីទសល្យសាស្ត្រកម្ពុជាប្រចាំឆ្នាំលើកទី៣០ ក្រោមប្រធានបទ «ភាពប្រឈមនៃការវះកាត់ជំងឺមហារីក» កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥។
សន្និសីទដ៏មានសារៈសំខាន់នេះ ឆ្លើយតបទៅនឹងផែនការជាតិប្រយុទ្ធនឹងជំងឺមហារីកឆ្នាំ២០២៥-២០៣០ និងការប្រយុទ្ធប្រឆាំងជំងឺមិនឆ្លង ដែលជាការឆ្លើយតបបន្ទាន់ចំពោះបន្ទុកជំងឺមហារីកដែលកំពុងកើនឡើង និងជាមូលហេតុចម្បងមួយនៃការស្លាប់មុនអាយុរំពឹងរស់របស់ប្រជាជនកម្ពុជា។ រាជរដ្ឋាភិបាលកម្ពុជា បានប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺមហារីក តាមរយៈការលើកកម្ពស់ការយល់ដឹង ពង្រីកសេវាបង្ការ ព្យាបាល និងថែទាំប្រកបដោយគុណភាព ដើម្បីការពារប្រជាជនពីជំងឺមហារីកដែលអាចបង្ការបាន កាត់បន្ថយការលំបាក និងបង្កើនគុណភាពជីវិតអ្នកជំងឺ និងក្រុមគ្រួសារ។
ថ្លែងក្នុងឱកាសនោះ លោកសាស្ត្រាចារ្យរដ្ឋមន្ត្រីបានគូសរំលេចចំណុចសំខាន់ៗដែលត្រូវយកចិត្តទុកដាក់ខ្ពស់៖
១. ការប្រើប្រាស់សេវាផ្នែកមហារីកប្រកបដោយឧត្តមគតិ សមធម៌ និងក្រមសីលធម៌វិជ្ជាជីវៈ។
២. ពង្រឹងហេដ្ឋារចនាសម្ព័ន្ធ បច្ចេកវិទ្យា ឧបករណ៍សម្ភារៈទំនើប ការបញ្ជូនចំគោលដៅ និងទាន់ពេលវេលា ការធ្វើរោគវិនិច្ឆ័យ និងព្យាបាលបានត្រឹមត្រូវ។
៣. ធានាគុណភាព និងសុវត្ថិភាពនៃការព្យាបាលឱ្យមានស្តង់ដារត្រឹមត្រូវ។
៤. ពង្រីកការព្យាបាលតាមមន្ទីរពេទ្យគ្រប់កម្រិត និងពង្រឹងការបណ្តុះបណ្តាល ប្រព័ន្ធកត់ត្រាព័ត៌មាន។
ទន្ទឹមនឹងនេះ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រីក៏បានផ្តល់អនុសាសន៍សំខាន់ៗមួយចំនួនដល់អង្គពិធី៖
* គ្រូពេទ្យវះកាត់ទាំងអស់ត្រូវខិតខំរៀនសូត្រ ហ្វឹកហាត់ការងារជាប់ជាប្រចាំ រក្សាស្មារតីសាមគ្គីភាព និងសហការគ្នាឱ្យបានល្អ។
* ជោគជ័យនៃការវះកាត់ គឺលទ្ធផលចុងក្រោយដែលអ្នកជំងឺជាសះស្បើយតាមពេលវេលាសមស្រប ជាមួយនឹងសុវត្ថិភាព និងគុណភាពជីវិតប្រសើរឡើង។ ដូច្នេះ ត្រូវគិតគូរឱ្យបានសព្វគ្រប់ទាំងមុនពេលវះកាត់ ពេលកំពុងវះកាត់ និងក្រោយពេលវះកាត់។
* ការវះកាត់ប្រកបដោយសុវត្ថិភាពខ្ពស់ និងតម្លៃសមស្រប គឺជាគោលនយោបាយសំខាន់របស់អង្គការសុខភាពពិភពលោក (WHO) ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាល។ សុវត្ថិភាព និងតម្លៃសមស្របដោយគ្មានការលំបាកផ្នែកហិរញ្ញវត្ថុ គឺជាការរួមចំណែកឈានទៅដល់ការគ្របដណ្តប់សុខភាពជាសកល។
* ត្រូវអនុវត្តឱ្យបានច្បាស់លាស់ពេញលេញនូវបញ្ជីផ្ទៀងផ្ទាត់សុវត្ថិភាពវះកាត់ ដែលជាការរួមចំណែកកាត់បន្ថយកំហុស និងគ្រោះថ្នាក់បានខ្ពស់បំផុត។
ជាទីបញ្ចប់ លោកសាស្ត្រាចារ្យរដ្ឋមន្ត្រីបានណែនាំដល់សិក្ខាសាលាថា ត្រូវខិតខំពិភាក្សា បញ្ចេញមតិ ឆ្លុះបញ្ចាំង និងផ្លាស់ប្តូរយោបល់គ្នា ដើម្បីបង្កើនចំណេះដឹង និងបទពិសោធន៍ថ្មីៗជាច្រើនបន្ថែមទៀត ដែលជាគុណប្រយោជន៍សម្រាប់បង្កើនគុណភាពសេវាព្យាបាលជូនប្រជាពលរដ្ឋ។ ពិធីនេះក៏មានការចូលរួមពីលោកសាស្ត្រាចារ្យតំណាងបណ្ឌិតសភាវះកាត់នៃប្រទេសបារាំង ថ្នាក់ដឹកនាំក្រសួង លោក លោកស្រី នាង កញ្ញា សាស្ត្រាចារ្យ ប្រធានសមាគមសល្យសាស្ត្រកម្ពុជា ប្រធានសន្និសីទសល្យសាស្ត្រប្រចាំឆ្នាំលើកទី៣០ ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ សរុបចំនួន ២៤០នាក់។
