កូនចិត្តតិរច្ឆាន! កាប់ម្ដាយរបួសធ្ងន់នៅក្រុងសៀមរាប ឥឡូវសមត្ថកិច្ចចាប់ខ្លួនបានហើយ

កូនចិត្តតិរច្ឆាន! កាប់ម្ដាយរបួសធ្ងន់នៅក្រុងសៀមរាប ឥឡូវសមត្ថកិច្ចចាប់ខ្លួនបានហើយ

ខេត្តសៀមរាប៖ អនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងក្រោមការចង្អុលដឹកនាំពីលោក ឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប ព្រមទាំងដឹកនាំផ្ទាល់ពីលោក វរសេនីយ៍ឯក ដា ចំរើន អធិការនគរបាលក្រុងសៀមរាប នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ កម្លាំងនគរបាលបានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីហិង្សាមានស្ថានទម្ងន់ទោស ប្រព្រឹត្តដោយសមាជិកគ្រួសារ កាប់ម្ដាយខ្លួនឯងដោយកាំបិតប៉័ងតោ។

គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង ១៧:០០នាទីល្ងាច នៅចំណុចបន្ទប់ជួលក្នុងផ្សារលើធំថ្មី ស្ថិតនៅភូមិដកពោធិ៍ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប មានករណីហិង្សាដ៏ឃោរឃៅមួយបានកើតឡើង ដោយកូនប្រុសម្នាក់បានកាប់ទៅលើម្ដាយរបស់ខ្លួនដោយកាំបិតប៉័ងតោ។ ជនសង្ស័យមានឈ្មោះ កៃ កេង បានបង្កហិង្សានេះឡើង បន្ទាប់ពីផឹកស្រាស្រវឹង ហើយឈ្លោះប្រកែកពាក្យសម្ដីជាមួយប្អូនរបស់ខ្លួន។

ភ្លាមៗនោះ ជនរងគ្រោះឈ្មោះ ហ.ស.ធ ដែលត្រូវជាម្ដាយ បានចូលទៅឃាត់កូនប្រុស កុំឲ្យបង្កហិង្សា។ ប៉ុន្តែ ផ្ទុយទៅវិញ ជនសង្ស័យរូបនេះបានយកកាំបិតប៉័ងតោ កាប់ទៅលើម្ដាយបង្កើតរបស់ខ្លួនត្រូវក្បាលចំនួន ៣កន្លែង ដែលតម្រូវឲ្យដេរជាច្រើនថ្នេរ ព្រមទាំងកាប់ត្រូវម្រាមដៃខាងឆ្វេង រយះកូនដៃ និងនាងដៃ បណ្ដាលឲ្យហូរឈាមយ៉ាងខ្លាំង។ ក្រោយធ្វើសកម្មភាពរួច ជនសង្ស័យក៏បានគេចខ្លួនបាត់។

រហូតដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង ១២:៣០នាទីថ្ងៃត្រង់ កម្លាំងអធិការដ្ឋាននគរបាលក្រុងសៀមរាប បានតាមចាប់ខ្លួនជនសង្ស័យខាងលើយកមកសួរនាំ។ ក្រោយពីសួរនាំ ជនសង្ស័យបានឆ្លើយសារភាពចំពោះមុខសមត្ថកិច្ចថា ខ្លួនពិតជាបានកាប់ទៅលើម្ដាយរបស់ខ្លួនពិតមែន ចំណែកកាំបិតដែលប្រើប្រាស់ក្នុងការវាយប្រហារ ខ្លួនបានបោះចោល (មិនចាំកន្លែងបោះចោល)។

ក្នុងករណីនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ កៃ កេង ភេទប្រុស អាយុ ២៨ឆ្នាំ មានស្រុកកំណើត និងទីលំនៅបច្ចុប្បន្ននៅភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។ ជននេះមានប្រវត្តិធ្លាប់ជាប់មណ្ឌលអប់រំកែប្រែចំនួន ១លើក រយៈពេល ៣ខែផងដែរ។

សមត្ថកិច្ចបានធ្វើតេស្តស្វែងរកសារធាតុញៀនលើជនសង្ស័យជាលទ្ធផល អវិជ្ជមាន។ បច្ចុប្បន្ន ជនសង្ស័យខាងលើត្រូវបានបញ្ជូនទៅកម្លាំងការិយាល័យជំនាញ ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់។

administrator

Related Articles