ក្រោយពីសហរដ្ឋអាមេរិកបានផ្អាកការចរចាពាណិជ្ជកម្មជាមួយប្រទេសថៃ ពាក់ព័ន្ធនឹងការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពនោះ ថ្មីៗនេះ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះឆន្ទៈរបស់កម្ពុជា និងថៃ ក្នុងការងាកមកបន្តកិច្ចចរចាដើម្បីសន្តិភាពពេញលេញឡើងវិញ។ ក្នុងឱកាសនេះ លោក អាន់វ៉ា ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់តួនាទីរបស់អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ផងដែរ។
តាមរយៈការបង្ហោះនៅលើបណ្តាញសង្គមផ្ទាល់ខ្លួន លោក អាន់វ៉ា បានគូសបញ្ជាក់ថា៖ «ខ្ញុំសូមស្វាគមន៍ចំពោះឆន្ទៈនិងការធានារបស់ព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ ក្នុងការជ្រើសរើស និងបន្តកិច្ចសន្ទនា ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងផ្នែកការទូត ដើម្បីធានាការអនុវត្តពេញលេញ និងប្រកបដោយប្រសិទ្ធភាពនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួ និងការស្ដារឡើងវិញនូវសន្តិភាព សន្តិសុខ និងស្ថិរភាពនៅតាមតំបន់ព្រំដែន»។
លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ីរូបនេះ បានបន្តទៀតថា៖ «ខ្ញុំសូមកោតសរសើរចំពោះតួនាទីសកម្ម និងការចូលរួមក្នុងន័យស្ថាបនារបស់អតីតប្រធានាធិបតីសហរដ្ឋអាមេរិក Donald J. Trump ក្នុងការលើកកម្ពស់ដំណោះស្រាយដោយសន្តិវិធីចំពោះស្ថានភាពដែលកំពុងបន្ត។ ខ្ញុំក៏សូមស្វាគមន៍ចំពោះការប្តេជ្ញាចិត្តរបស់ព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ ក្នុងការធានាការដកអាវុធធុនធ្ងន់ និងឧបករណ៍បំផ្លិចបំផ្លាញ ព្រមទាំងសម្របសម្រួល និងអនុវត្តការដោះមីនមនុស្សធម៌នៅតាមតំបន់ព្រំដែនឱ្យបានទាន់ពេលវេលា និងឆាប់រហ័ស»។
លោក អាន់វ៉ា ក៏បានបន្ថែមថា៖ «ខ្ញុំសូមស្វាគមន៍ចំពោះការធានារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងលោកនាយករដ្ឋមន្ត្រី Anutin Charnvirakul ដើម្បីជៀសវាងនូវសកម្មភាពបន្ថែមទៀតដែលចាត់ទុកថា ជាការញុះញង់ ហើយចាត់វិធានការបន្ថែមទៀតដើម្បីលើកកម្ពស់ទំនុកចិត្ត និងការជឿទុកចិត្តគ្នាទៅវិញទៅមកឆ្ពោះទៅរកការជំរុញការស្តារទំនាក់ទំនងទ្វេភាគីប្រកបដោយផលិតភាពរវាងប្រទេសទាំងពីរ»។
