ខេត្តកណ្ដាល៖ ករណីហិង្សាដ៏ឃោរឃៅមួយបានកើតឡើង កាលពីវេលាម៉ោង ២៣:០៥នាទី យប់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅក្នុងរោងចក្រស្បែកជើងមួយកន្លែង ស្ថិតនៅភូមិព្រែកដូង ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ដោយសារតែមេជាងសំណង់ម្នាក់ជាមុខសញ្ញាប្រើប្រាស់សារធាតុញៀន បានប្រើញញួរវាយក្បាលកម្មកររួមការងារម្នាក់ បណ្ដាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរត្រង់ក្បាល។

មន្ត្រីនគរបាលស្រុកកៀនស្វាយបានឲ្យដឹងនៅរសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះថា ជនរងគ្រោះមានឈ្មោះ ឆុន តុង ភេទប្រុស អាយុ ២០ឆ្នាំ។ រីឯជនសង្ស័យដែលជាមេជាង មានឈ្មោះ ណែម បាន ភេទប្រុស អាយុ ៣៦ឆ្នាំ ហៅ សល់។ ក្រោយកើតហេតុ ជនសង្ស័យត្រូវបានកម្លាំងនគរបាលចាប់ឃាត់ខ្លួនភ្លាមៗ។

លោកវរសេនីយ៍ឯក ព្រុំ សំណាង អធិការនគរបាលស្រុកកៀនស្វាយ បានបញ្ជាក់ថា ជនសង្ស័យ ណែម បាន ហៅ សល់ មានប្រវត្តិប្រើប្រាស់គ្រឿងញៀន និងត្រូវបានរកឃើញថាមានសារធាតុញៀនវិជ្ជមានក្នុងខ្លួនទៀតផង។ វត្ថុតាងដែលចាប់យករួមមាន៖ ញញួរដែកដងជ័រប្រវែង ៣៣សង់ទីម៉ែត្រចំនួន ១ផ្លែ និងទូរស័ព្ទម៉ាក OPPO A៥ ចំនួន ១គ្រឿង។

លោកអធិការបន្តថា មុនពេលកើតហេតុ ជនសង្ស័យ និងជនរងគ្រោះបានអង្គុយហូបស្រាបៀរជាមួយគ្នាក្នុងរោង។ ក្រោយការសាកសួរ ជនសង្ស័យបានសារភាពថា មូលហេតុដែលខ្លួនប្រើអំពើហិង្សាវាយទៅលើជនរងគ្រោះ គឺដោយសារតែខឹងនឹងជនរងគ្រោះធ្លាប់បានវាយខ្លួនកាលពីប្រហែលមួយខែមុន។

បច្ចុប្បន្ន ជនសង្ស័យ ណែម បាន កំពុងត្រូវបានឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់៕

