កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយកងរាជអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ បានបើកប្រតិបត្តិការចុះឆ្មក់បង្ក្រាបទីតាំងហាងផឹកស៊ីមួយកន្លែងយីហោ «ប៉ាឧត្ដម» ដែលសង្ស័យលួចបង្កប់សេវាកម្មផ្លូវភេទខុសច្បាប់។ ជាលទ្ធផល ម្ចាស់ហាងជាបុរសម្នាក់ និងនារីជាអនីតិជនចំនួន ១២នាក់ ត្រូវបានឃាត់ខ្លួន។

ប្រតិបត្តិការដ៏ក្ដៅគគុកនេះ បានធ្វើឡើងកាលពីវេលាម៉ោង ៩យប់ ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ស្ថិតតាមបណ្ដោយផ្លូវបេតុងអមផ្លូវរថភ្លើង ក្នុងសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកម្លាំងសមត្ថកិច្ចបានឱ្យដឹងថា មុនឈានដល់ការចុះបង្ក្រាបនេះ កងរាជអាវុធហត្ថបានទទួលសេចក្ដីរាយការណ៍ថា ហាងផឹកស៊ីយីហោ «ប៉ាឧត្ដម» ខាងលើនេះ មានការលួចបង្កប់សេវាផ្លូវភេទ ដោយមានភ្ញៀវចេញចូលយ៉ាងអ៊ូអររាល់ថ្ងៃ។ ក្រោយទទួលបានព័ត៌មាននេះ កម្លាំងជំនាញនៃកងរាជអាវុធហត្ថបានធ្វើការស៊ើបអង្កេត និងស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតឈានដល់ការឆ្មក់ចុះបង្ក្រាបជាក់ស្ដែងតែម្ដង។

បច្ចុប្បន្ន ម្ចាស់ហាង និងនារីរងគ្រោះទាំង ១២នាក់ ត្រូវបានបញ្ជូនទៅកាន់មូលដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងបន្តតាមនីតិវិធីច្បាប់។

