(លីសបោន)៖ ព្យុះដ៏កាចសាហាវ Claudia បានបង្កមហន្តរាយធ្ងន់ធ្ងរនៅអឺរ៉ុប ដោយបានឆក់យកជីវិតមនុស្សយ៉ាងតិច ៣នាក់ និងបណ្ដាលឱ្យរបួសជាច្រើននាក់ទៀតនៅព័រទុយហ្គាល់។ ទន្ទឹមនឹងនេះ ចក្រភពអង់គ្លេសក៏កំពុងជួបប្រទះនឹងទឹកជំនន់ធ្ងន់ធ្ងរ រហូតតម្រូវឱ្យអាជ្ញាធរជម្លៀសប្រជាពលរដ្ឋចេញពីផ្ទះសម្បែង នៅតំបន់វេលស៍ និងអង់គ្លេស។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters កាលពីថ្ងៃអាទិត្យ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៥។
ព័រទុយហ្គាល់ រួមទាំងតំបន់មួយចំនួននៅប្រទេសអេស្ប៉ាញ កំពុងប្រឈមមុខនឹងស្ថានភាពអាកាសធាតុអាក្រក់អស់រយៈពេលជាច្រើនថ្ងៃមកហើយ ដោយសារឥទ្ធិពលព្យុះ Claudia ដែលបានបោកបក់បន្តទៅដល់ចក្រភពអង់គ្លេស និងអៀរឡង់កាលពីថ្ងៃសៅរ៍។
សាកសពប្ដីប្រពន្ធវ័យចំណាស់ពីរនាក់ ត្រូវបានគេប្រទះឃើញនៅក្នុងផ្ទះរបស់ពួកគេដែលលិចលង់ដោយទឹកជំនន់ នៅទីក្រុង Fernao Ferro កាលពីថ្ងៃព្រហស្បតិ៍។ ចំណែកឯនៅថ្ងៃសៅរ៍ មនុស្សម្នាក់ទៀតត្រូវបានរាយការណ៍ថា បានបាត់បង់ជីវិត ដោយសារព្យុះកំបុតត្បូងដែលកើតឡើងដោយឥទ្ធិពលព្យុះ Claudia បានវាយប្រហារទីក្រុង Albufeira។ ក្រៅពីនេះ មនុស្ស ២៨នាក់ផ្សេងទៀត ក៏បានរងរបួសផងដែរ។

គួរជម្រាបថា នៅចក្រភពអង់គ្លេសឯណោះវិញ ព្យុះ Claudia បាននាំមកនូវទឹកជំនន់ដ៏គំហុកនៅក្រុង Monmouth និងតំបន់ជុំវិញ ដែលស្ថិតនៅភាគអាគ្នេយ៍ប្រទេសវេលស៍ កាលពីថ្ងៃសៅរ៍។ អាជ្ញាធរក៏បានចេញសេចក្ដីប្រកាសអាសន្នស្ដីពីគ្រោះទឹកជំនន់ទូទាំងប្រទេសវេលស៍ និងអង់គ្លេសផងដែរ។
ផ្ដល់សិទ្ធិដោយ៖ Freshnews
