ប៉ុន្មានថ្ងៃថ្មីៗនេះ កម្លាំងកងឯកភាពរដ្ឋបាលស្រុកសង្កែ ខេត្តបាត់ដំបង បានសហការចុះបង្ក្រាប និងបំផ្លាញជាបន្តបន្ទាប់នូវឧបករណ៍នេសាទខុសច្បាប់ ដែលតែងតែលួចពង្រាយនៅលើផ្ទៃទឹកទន្លេដើម្បីចាប់ត្រី បើទោះបីជាកម្លាំងជំនាញតែងចុះអន្តរាគមន៍ជាញឹកញាប់យ៉ាងណាក្តី។

ប្រតិបត្តិការនេះ បានចាប់ផ្តើមតាំងពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ មកម្ល៉េះ ដោយមានការចូលរួមពីផ្នែករដ្ឋបាលជលផលអន្លង់វិល សហការ និងដឹកនាំផ្ទាល់ដោយគណៈបញ្ជាការឯកភាពស្រុកសង្កែ ព្រមទាំងកម្លាំងអធិការដ្ឋាននគរបាលស្រុកសង្កែ។ ក្រុមការងារចម្រុះបានចុះទប់ស្កាត់ និងបង្រ្កាបបទល្មើសជលផលនៅចំណុចអន្លង់ខ្ទីង និងចំណុចបឹងសួង ស្ថិតក្នុងភូមិស្រះកែវ ឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង។

ក្នុងកិច្ចប្រតិបត្តិការដ៏សកម្មនេះ កម្លាំងចម្រុះបានរុះរើ និងកាប់បំផ្លាញឧបករណ៍នេសាទល្មើសច្បាប់សរុបចំនួន ០២ករណី ដែលក្នុងនោះរួមមាន៖ សាច់អួនក្រឡាល្អិតចំនួន ៧៥០ម៉ែត្រ បង្គោលចំនួន ៣២០ដើម និងឡុកចំនួន ០៣គ្រឿង។

យោងតាមការបញ្ជាក់ពីកម្លាំងសមត្ថកិច្ចបានឲ្យដឹងថា ក្នុងប្រតិបត្តិការនោះមានកម្លាំងចូលរួមសរុបចំនួន ២២នាក់ ដោយប្រើប្រាស់ទូកស្មាច់ចំនួន ០៥គ្រឿង។ ការអនុវត្តច្បាប់នេះនឹងត្រូវបន្តធ្វើឡើងជាប្រចាំ ដើម្បីធានានូវការគ្រប់គ្រង និងលុបបំបាត់បទល្មើសនេសាទនៅក្នុងដែនសមត្ថកិច្ចរបស់ពួកគេ។ ទោះជាយ៉ាងណា កម្លាំងសមត្ថកិច្ចមិនដែលប្រទះឃើញម្ចាស់បទល្មើសនៅនឹងកន្លែងនោះឡើយ នៅពេលចុះប្រតិបត្តិការម្តងៗ។
អត្ថបទ៖ សោ និយមរ័ត្ន
