រាជធានីភ្នំពេញ ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ – ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងស្តីពីស្ថានភាពអាកាសធាតុសម្រាប់ព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥។ របបខ្យល់មូសុងឦសាននឹងបក់បោកគ្របដណ្តប់លើតំបន់សមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ សមុទ្រកម្ពុជា សមុទ្រអានដាម៉ង់ និងពាសពេញប្រទេសកម្ពុជា។
តាមការព្យាករណ៍ ស្ថានភាពបែបនេះនឹងនាំឱ្យ៖
១. តំបន់វាលទំនាប៖
សីតុណ្ហភាពអប្បបរមាជាមធ្យម ២១°C និងអតិបរមា ៣១°C។
ខ្យល់បក់មកពីទិសឦសាន និងទិសបូព៌ា មានល្បឿនមធ្យម ៤ម៉ែត្រ/វិនាទី។
ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង កណ្តាល តាកែវ ស្វាយរៀង និងរាជធានីភ្នំពេញ អាចនឹងមានភ្លៀងធ្លាក់ក្នុងកម្រិតគ្របដណ្តប់ ១០% នៃផ្ទៃដី។
២. តំបន់ខ្ពង់រាប៖
សីតុណ្ហភាពអប្បបរមាជាមធ្យម ២០°C និងអតិបរមា ៣០°C។
ខ្យល់បក់មកពីទិសបូព៌ា និងទិសអាគ្នេយ៍ មានល្បឿនមធ្យម ៤ម៉ែត្រ/វិនាទី។
ចំពោះខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ព្រមទាំងតំបន់ជួរភ្នំដងរែក និងជួរភ្នំក្រវាញ គឺពុំមានភ្លៀងធ្លាក់នោះទេ។
៣. តំបន់មាត់សមុទ្រ៖
សីតុណ្ហភាពអប្បបរមាជាមធ្យម ២១°C និងអតិបរមា ៣១°C។
ខ្យល់បក់មកពីទិសនិរតី និងទិសអាគ្នេយ៍ មានល្បឿនមធ្យម ៣ម៉ែត្រ/វិនាទី។
ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងតំបន់ជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់គ្របដណ្តប់ ១០% នៃផ្ទៃដី។
រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា ០,៥០ម៉ែត្រ និងអតិបរមា ១,៥០ម៉ែត្រ។
សូមសាធារណជនទាំងអស់ជ្រាបជាព័ត៌មាន និងត្រៀមបង្ការទុកជាមុន។
