តម្លៃប្រេងឆៅអន្តរជាតិបានហក់ឡើងខ្លាំងជាង ២% កាលពីថ្ងៃសុក្រ ជាថ្ងៃបិទបញ្ចប់ការជួញដូរប្រចាំសប្ដាហ៍ ក្រោយពីកំពង់ផែ Novorossiisk របស់រុស្ស៊ីបានផ្អាកការនាំចេញប្រេង ដោយសាររងការវាយប្រហារដោយដ្រូនពីសំណាក់អ៊ុយក្រែនលើកន្លែងស្តុកប្រេង។ ហេតុការណ៍នេះបានបង្កើនក្ដីបារម្ភយ៉ាងខ្លាំងចំពោះការផ្គត់ផ្គង់ប្រេងសកល។
ទីភ្នាក់ងារសារព័ត៌មាន Reuters បានរាយការណ៍ថា តម្លៃប្រេងឆៅ Brent សម្រាប់ជួញដូរនាពេលអនាគត បានកើនឡើង ១,៣៨ ដុល្លារ ស្មើនឹង ២,១៩% បិទបញ្ចប់នៅតម្លៃ ៦៤,៣៩ ដុល្លារក្នុងមួយបារ៉ែល។ រីឯប្រេងឆៅ WTI របស់សហរដ្ឋអាមេរិកវិញ ក៏បានកើនឡើង ១,៤០ ដុល្លារ ស្មើនឹង ២,៣៩% បិទនៅតម្លៃ ៦០,០៩ ដុល្លារក្នុងមួយបារ៉ែល។ បើគិតជាអត្រាប្រចាំសប្ដាហ៍ ប្រេង Brent បានកើន ១,៦% ខណៈ WTI កើន ០,៦%។
យោងតាមមន្ត្រីរុស្ស៊ី ការវាយប្រហាររបស់អ៊ុយក្រែនកាលពីថ្ងៃសុក្រ បានបំផ្លាញឃ្លាំងស្តុកប្រេងមួយកន្លែងនៅទីក្រុងកំពង់ផែ Novorossiisk។ អ្នកវិភាគទីផ្សារបានវាយតម្លៃថា ការវាយប្រហារលើកនេះហាក់មានទំហំធំ និងមានផលប៉ះពាល់ខ្លាំងជាងការវាយប្រហារកន្លងមក។
ប្រភពពីវិស័យប្រេងបានប្រាប់ Reuters ថា កំពង់ផែ Novorossiisk ដែលបានផ្អាកការនាំចេញប្រេងនេះ គឺជាច្រកដ៏សំខាន់ដែលនាំចេញប្រេងប្រមាណ ២,២ លានបារ៉ែលក្នុងមួយថ្ងៃ ឬស្មើនឹង ២% នៃការផ្គត់ផ្គង់សកលលោក។ លើសពីនេះ ក្រុមហ៊ុន Transneft ដែលជាក្រុមហ៊ុនផ្ដាច់មុខក្នុងការបូមប្រេងទៅកាន់កំពង់ផែនេះ ក៏បានផ្អាកប្រតិបត្តិការជាបណ្ដោះអាសន្នផងដែរ។
យ៉ាងណាមិញ កំណើនតម្លៃប្រេងអន្តរជាតិក៏ត្រូវបានជំរុញដោយការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកលើក្រុមហ៊ុនប្រេងយក្សរុស្ស៊ី Lukoil និង Rosneft ដែលគ្រោងចូលជាធរមាននៅថ្ងៃទី ២១ ខែវិច្ឆិកា ខាងមុខ។ ក្នុងពេលជាមួយគ្នានេះ ប្រទេសអតិថិជនធំៗដូចជាចិន និងឥណ្ឌា បានផ្អាកការទិញប្រេងពីក្រុមហ៊ុនទាំងនោះដោយសារតែទណ្ឌកម្ម។
ទោះជាបែបនេះក្ដី អ្នកវិភាគទីផ្សារបានអះអាងថា កំណើននៃតម្លៃប្រេងអាចនៅមានកម្រិត ដោយសារការកើនឡើងនៃការផលិត និងការផ្គត់ផ្គង់ ខណៈតម្រូវការសកលនៅតែបន្តធ្លាក់ចុះ។
