(ប៉ារីស)៖ កម្លាំងនគរបាលបារាំង កាលពីថ្ងៃសៅរ៍ ទី១៥ ខែវិច្ឆិកា បានបញ្ជាក់ថា ក្រុមចោរមួយក្រុមបានធ្វើសកម្មភាពលួចគ្រឿងអលង្ការនៅភាគខាងជើងប្រទេសបារាំង កាលពីថ្ងៃពុធ ដោយបានរឹបអូសយកទ្រព្យសម្បត្តិសរុបប្រមាណ ១.២ លានដុល្លារអាមេរិក។ ករណីប្លន់នេះបានកើតឡើងបន្ទាប់ពីហេតុការណ៍លួចដ៏កក្រើកមួយកាលពីខែមុន នៅទីក្រុងប៉ារីស ដែលគ្រឿងអលង្ការតម្លៃជាង ១០០ លានដុល្លារ ត្រូវបានលួចយកទៅ។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP។
ប៉ូលិសបានបន្តថា ក្រុមចោរបានចូលទៅក្នុងហាងលក់គ្រឿងអលង្ការមួយកន្លែងក្នុងទីក្រុង Roubaix ហើយបានចាប់ម្ចាស់ហាង និងភរិយារបស់គាត់ធ្វើជាចំណាប់ខ្មាំងមួយរយៈពេលខ្លី មុនពេលប្រមូលយកវត្ថុមានតម្លៃជាច្រើន ដែលប៉ាន់ប្រមាណចន្លោះពី ៥០ម៉ឺនអឺរ៉ូ ទៅ ១លានអឺរ៉ូ (ប្រហែល ៥៨ម៉ឺនដុល្លារ ទៅ ១.២ លានដុល្លារអាមេរិក)។ បច្ចុប្បន្ន នគរបាលកំពុងស៊ើបអង្កេតករណីនេះយ៉ាងយកចិត្តទុកដាក់ ដើម្បីកំណត់អត្តសញ្ញាណជនសង្ស័យ។
គួរបញ្ជាក់ផងដែរថា ហេតុការណ៍លួចខាងលើនេះ បានកើតឡើងបន្តបន្ទាប់ពីក្រុមចោរមួយក្រុមធំ បានលួចចូលសារមន្ទីរ Louvre ក្នុងរដ្ឋធានីប៉ារីស កាលពីខែតុលា ដោយបានលួចគ្រឿងអលង្ការដែលមានតម្លៃសរុបប្រមាណ ១០២ លានដុល្លារ កណ្ដាលថ្ងៃត្រង់។ ជនសង្ស័យមួយចំនួនត្រូវបានចាប់ខ្លួនពាក់ព័ន្ធនឹងករណីនៅសារមន្ទីរ Louvre នេះ។
