ចិនបានចេញសេចក្តីព្រមានដល់ពលរដ្ឋខ្លួនឲ្យចៀសវាងការធ្វើដំណើរទៅកាន់ប្រទេសជប៉ុន ខណៈភាពតានតឹងរវាងប្រទេសទាំងពីរកាន់តែឡើងកម្តៅ។ ការព្រមាននេះធ្វើឡើងបន្ទាប់ពីលោកស្រី Sanae Takaichi នាយករដ្ឋមន្ត្រីជប៉ុន បានលើកឡើងថា ការវាយប្រហាររបស់ចិនលើកោះតៃវ៉ាន់ អាចបង្កការគំរាមកំហែងដល់ជប៉ុន និងអាចឈានដល់ការឆ្លើយតបផ្នែកយោធា។ ព័ត៌មាននេះត្រូវបានចុះផ្សាយដោយ CNN កាលពីថ្ងៃទី១៥ ខែវិច្ឆិកា។
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
ភ្លាមៗនោះ ទីក្រុងប៉េកាំងបានថ្កោលទោសការថ្លែងរបស់លោកស្រី Takaichi ថាជា «ការញុះញង់ដោយចេតនា» ដោយអះអាងថា វាបានបង្កហានិភ័យដល់ភ្ញៀវទេសចរចិន និងធ្វើឲ្យខូចទំនាក់ទំនងទ្វេភាគីយ៉ាងធ្ងន់ធ្ងរ។
ការណែនាំថ្មីនេះកើតឡើងក្រោយពីមានការប៉ះទង្គិចគ្នាផ្នែកការទូតអស់ជាច្រើនសប្តាហ៍ រួមទាំងការកោះហៅឯកអគ្គរដ្ឋទូតគ្នាទៅវិញទៅមក និងរលកនៃប្រតិកម្មជាតិនិយមនៅក្នុងប្រទេសចិន។ មន្ត្រីចិន និងប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានព្រមានយ៉ាងដាច់អហង្ការថា ប្រសិនបើជប៉ុនហ៊ានជ្រៀតជ្រែកក្នុងជម្លោះជុំវិញកោះតៃវ៉ាន់ នោះនឹងប្រឈមមុខនឹងផលវិបាកធ្ងន់ធ្ងរ។ ក្រសួងការពារជាតិចិនថែមទាំងបានបញ្ជាក់ថា ជប៉ុននឹងត្រូវ «កម្ទេច» បើហ៊ានព្យាយាមជ្រៀតជ្រែក។

ទោះជាយ៉ាងណា ភាគីជប៉ុនបានបកស្រាយថា មតិយោបល់របស់លោកស្រី Takaichi គ្រាន់តែជាផ្នែកមួយនៃការពិភាក្សាទ្រឹស្តីអំពីសន្តិសុខជាតិប៉ុណ្ណោះ។ ក្រោយមក លោកស្រី Takaichi ក៏បានថ្លែងថា លោកស្រីនឹងមិនធ្វើការកត់សម្គាល់ស្រដៀងគ្នានេះម្តងទៀតទេ ប៉ុន្តែជប៉ុននៅតែទទូចថា ការរក្សាសន្តិភាពនៅច្រកសមុទ្រតៃវ៉ាន់ គឺមានសារៈសំខាន់ណាស់សម្រាប់ជប៉ុន និងសម្រាប់ពិភពលោកទាំងមូល។
ជម្លោះនេះបានបង្ហាញពីការធ្លាក់ចុះយ៉ាងគំហុកនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ត្រឹមតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះបន្ទាប់ពីលោកស្រី Takaichi និងប្រធានាធិបតីចិន លោក Xi Jinping បានជួបចរចាគ្នាក្នុងគោលបំណងកែលម្អចំណងទាក់ទងឡើងវិញ។ បញ្ហានេះក៏បានគូសបញ្ជាក់ពីសកម្មភាពរក្សាលំនឹងដ៏លំបាករបស់ជប៉ុនរវាងភាពជាដៃគូសន្តិសុខជាមួយសហរដ្ឋអាមេរិក និងទំនាក់ទំនងសេដ្ឋកិច្ចយ៉ាងស៊ីជម្រៅជាមួយចិន ដែលមានភ្ញៀវទេសចរចិនជិត ៧.៥ លាននាក់បានទៅទស្សនាជប៉ុនក្នុងរយៈពេល ៩ ខែដំបូងនៃឆ្នាំនេះ។
អត្ថបទ៖ ប៊ុន សុភាព
