ចិន-ថៃ កាន់តែស្និទ្ធ! លោក លី ឈាង ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការគ្រប់វិស័យជាមួយថៃ

ចិន-ថៃ កាន់តែស្និទ្ធ! លោក លី ឈាង ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការគ្រប់វិស័យជាមួយថៃ

ទីក្រុងប៉េកាំង៖ ទីភ្នាក់ងារព័ត៌មានរដ្ឋចិន ស៊ីនហួរ បានរាយការណ៍ថា នាយករដ្ឋមន្ត្រីចិន លោក លី ឈាង បានជួបសវនាការជាមួយព្រះមហាក្សត្រថៃ ព្រះបាទមហា វ៉ាជីរ៉ាឡុងកន នៅទីក្រុងប៉េកាំង បន្ទាប់ពីព្រះអង្គបានជួបប្រជុំជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង។

ក្នុងឱកាសនោះ លោកនាយករដ្ឋមន្ត្រី លី ឈាង បានសង្កត់ធ្ងន់ថា ប្រទេសចិន និងថៃមានទំនាក់ទំនងដ៏ជិតស្និទ្ធដូចបងប្អូនគ្រួសារ។ លោកបានបញ្ជាក់ពីឆន្ទៈរបស់ចិនក្នុងការបន្តផ្លាស់ប្តូរទស្សនកិច្ចកម្រិតខ្ពស់ជាមួយថៃ ពង្រឹងចំណងមិត្តភាពជាអ្នកជិតខាងល្អ គាំទ្រគ្នាទៅវិញទៅមកដោយរឹងមាំ និងជំរុញកិច្ចសហប្រតិបត្តិការប្រកបដោយផលប្រយោជន៍ទៅវិញទៅមកឲ្យកាន់តែស៊ីជម្រៅ។ គោលបំណងគឺដើម្បីសម្រេចបានលទ្ធផលកាន់តែប្រសើរក្នុងការកសាងសហគមន៍ចិន-ថៃ ដែលមានអនាគតរួមគ្នា និងផ្តល់អត្ថប្រយោជន៍កាន់តែច្រើនដល់ប្រជាជននៃប្រទេសទាំងពីរ។

លោក លី ឈាង ក៏បានលើកឡើងពីភាពបំពេញបន្ថែមសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ។ ចិនត្រៀមខ្លួនរួចជាស្រេចដើម្បីបន្តពង្រីកពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគីជាមួយថៃ ក៏ដូចជាពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យថ្មីៗ រួមមាន សេដ្ឋកិច្ចបៃតង បញ្ញាសិប្បនិម្មិត (AI) និងបច្ចេកវិទ្យាលំហអាកាស។

ជាមួយគ្នានេះ ភាពជិតស្និទ្ធខាងភូមិសាស្ត្រ និងវប្បធម៌រួមគ្នា រវាងចិន និងថៃ គឺជាឱកាសដ៏ល្អដើម្បីជំរុញការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ និងទេសចរណ៍។

ស៊ីនហួរ បានដកស្រង់រាជឱង្ការរបស់ព្រះមហាក្សត្រថៃ ព្រះបាទវ៉ាជីរ៉ាឡុងកន ដែលបានមានបន្ទូលថា ប្រទេសថៃ និងចិនរីករាយនឹងទំនាក់ទំនងមិត្តភាពដ៏យូរអង្វែង ហើយកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យផ្សេងៗបានទទួលលទ្ធផលជាក់ស្តែងគួរឱ្យកត់សម្គាល់។ ព្រះអង្គក៏បានកោតសរសើរចំពោះសមិទ្ធិផលដ៏អស្ចារ្យរបស់ចិនក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយបានសម្តែងឆន្ទៈក្នុងការពង្រឹងការផ្លាស់ប្តូរមិត្តភាពជាមួយចិន ធ្វើឱ្យស៊ីជម្រៅកិច្ចសហប្រតិបត្តិការជាក់ស្តែង និងឈានទៅមុខរួមគ្នាលើមាគ៌ានៃការអភិវឌ្ឍរួម៕

administrator

Related Articles