(រដ្ឋធានីវ៉ែល្លីងតុន)៖ ប្រជាពលរដ្ឋខ្មែរប្រមាណជាង ២០០នាក់ ដែលកំពុងរស់នៅរដ្ឋធានីវ៉ែល្លីងតុន ទីក្រុងក្រៃឈើច និងទីក្រុងផាមើស្តុនណតស៍ ប្រទេសនូវ៉ែលហ្សេឡង់ បានជួបជុំគ្នានៅមុខរដ្ឋសភារដ្ឋធានីវ៉ែល្លីងតុន កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ដើម្បីសម្ដែងការថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះទង្វើបាញ់ប្រហារបង្កដោយភាគីថៃ មកលើពលរដ្ឋខ្មែរស្លូតត្រង់ នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ ការជួបជុំនេះបានធ្វើឡើងក្រោយមានការផ្សាយរបស់ក្រសួងព័ត៌មាន។

ឧប្បត្តិហេតុបាញ់ប្រហារនេះ បានបណ្ដាលឱ្យពលរដ្ឋខ្មែរម្នាក់បានបាត់បង់ជីវិត និង៣នាក់ផ្សេងទៀតរងរបួស។ ក្នុងចំណោមការជួបជុំនេះ ក្រុមបាតុករបានលើកឡើងនូវចំណុចទាមទារសំខាន់ៗមួយចំនួន៖
១. ទាមទារឱ្យមានការដោះលែងជាបន្ទាន់នូវទាហានកម្ពុជាចំនួន ១៨ នាក់ ដែលកំពុងត្រូវបានឃុំខ្លួនដោយប្រទេសថៃ។
២. ថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការរំលោភលើកិច្ចព្រមព្រៀងសន្តិភាពចុះថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០២៥ របស់ប្រទេសថៃ និងអំពាវនាវឱ្យមានការទទួលខុសត្រូវចំពោះការរំលោភនេះ។

៣. ទទូចឱ្យប្រទេសថៃគោរព និងអនុវត្តយ៉ាងពេញលេញនូវការប្តេជ្ញាចិត្តដែលបានគូសបញ្ជាក់នៅក្នុងកិច្ចព្រមព្រៀងសន្តិភាពនោះ។

៤. ថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះលោកប្រធានាធិបតី ដូណាល់ ត្រាំ និងនាយករដ្ឋមន្ត្រី អាន់វ៉ា អ៊ីប្រាហ៊ីម ចំពោះកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់របស់លោកទាំងពីរ ក្នុងការលើកកម្ពស់ដំណោះស្រាយដោយសន្តិវិធី ដែលបានផ្ដល់ក្ដីសង្ឃឹមសម្រាប់អនាគតដ៏យុត្តិធម៌ និងមានសុវត្ថិភាពជាងមុនសម្រាប់តំបន់ទាំងមូល។


ការជួបជុំប្រកបដោយសន្តិវិធីនេះ គឺដើម្បីបង្ហាញពីជំហររួមរបស់ប្រជាពលរដ្ឋខ្មែរនៅក្រៅប្រទេស ដែលទាមទារយុត្តិធម៌ និងដំណោះស្រាយដោយសន្តិវិធីចំពោះបញ្ហាព្រំដែន។

ប្រភព៖ ក្រសួងព័ត៌មាន
