ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានប្រកាសពីស្ថានភាពជំងឺកូវីដ-១៩ ដោយមិនមានករណីឆ្លងថ្មី អ្នកជាសះស្បើយថ្មី ឬអ្នកស្លាប់ថ្មីនោះទេ។ នេះជាដំណឹងល្អដែលបង្ហាញពីការគ្រប់គ្រងបានយ៉ាងល្អប្រសើរនូវជំងឺរាតត្បាតនេះ។

សូមជម្រាបថា សម្រាប់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ករណីឆ្លងក្នុងសហគមន៍ (អូមីក្រុង) គ្មាន និងអ្នកដំណើរពីបរទេសក៏គ្មានដែរ។ ទោះបីជាស្ថានភាពល្អប្រសើរក្ដី ក្រសួងសុខាភិបាលនៅតែអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ឲ្យបន្តអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវវិធានការ «៣កុំ ៣ការពារ» ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន ក្រុមគ្រួសារ និងសហគមន៍។
គិតត្រឹមព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ៖
* ចំនួនអ្នកឆ្លងសរុបមាន ១៣៩,៦៥៥ នាក់។
* ចំនួនអ្នកជាសះស្បើយសរុបមាន ១៣៦,៥៩៩ នាក់។
* ចំនួនអ្នកស្លាប់សរុបមាន ៣,០៥៦ នាក់។
ក្រសួងសុខាភិបាលបានបញ្ជាក់ថា ខ្លួនបានផ្ញើលទ្ធផល និងទម្រង់ស្នើសុំធ្វើពិសោធន៍ (Laboratory Request Form) គ្រប់ករណីវិជ្ជមានកូវីដ-១៩ និងករណីជាសះស្បើយ ទៅមន្ទីរសុខាភិបាលរាជធានី-ខេត្ត មន្ទីរពេទ្យព្យាបាលជំងឺកូវីដ-១៩ និងមណ្ឌលព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាល តាមប្រព័ន្ធអេឡិចត្រូនិកដើម្បីគ្រប់គ្រងបន្តរួចហើយ។ ក្រសួងក៏បន្តជូនដំណឹងដល់សាធារណជនអំពីការវិវត្តន៍នៃបញ្ហាសុខភាព តាមទំព័រហ្វេសប៊ុក និងគេហទំព័ររបស់ក្រសួង www.cdcmoh.gov.kh ដែលមានសម្ភារៈអប់រំសុខភាពអាចទាញយកបាន។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកទូរសព្ទទាន់ហេតុការណ៍ក្រសួងសុខាភិបាល លេខ ១១៥ ដោយឥតគិតថ្លៃ ឬទំនាក់ទំនងមកក្រសួងសុខាភិបាល តាមទូរសព្ទលេខ ០១២ ៨២៥ ៤២៤ ឬ ០១២ ៤៨៨ ៩៨១ ឬ ០១២ ៨៣៦ ៨៦៨៕ ដោយ៖ ស តារា
