បង្ក្រាបហាងប៉ាឧត្តម! ជួយសង្គ្រោះនារីអនីតិជន១២នាក់ពីរណ្ដៅសេវាផ្លូវភេទលួចលាក់

បង្ក្រាបហាងប៉ាឧត្តម! ជួយសង្គ្រោះនារីអនីតិជន១២នាក់ពីរណ្ដៅសេវាផ្លូវភេទលួចលាក់

ភ្នំពេញ៖ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយកងរាជអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ បានបើកប្រតិបត្តិការចុះឆ្មក់បង្ក្រាបទីតាំងហាងផឹកស៊ីយីហោ «ប៉ាឧត្តម» យ៉ាងកក្រើក ដែលលួចបង្កប់សេវាកម្មផ្លូវភេទខុសច្បាប់។ ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានឃាត់ខ្លួននារីរងគ្រោះជាអនីតិជនបានរហូតដល់ ១២នាក់ រួមទាំងបុរសម្នាក់ជាម្ចាស់ហាងផងដែរ។

ហេតុការណ៍បង្ក្រាបដ៏ភ្ញាក់ផ្អើលនេះ បានធ្វើឡើងកាលពីវេលាម៉ោង ៩ យប់ ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ស្ថិតតាមបណ្ដោយផ្លូវបេតុងអមផ្លូវរថភ្លើង ក្នុងសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានបានឱ្យដឹងថា មុនឈានដល់ការចុះបង្ក្រាប កម្លាំងជំនាញនៃកងរាជអាវុធហត្ថបានទទួលព័ត៌មានសម្ងាត់ថា ទីតាំងហាង «ប៉ាឧត្តម» មួយនេះ ពិតជាមានបង្កប់សេវាផ្លូវភេទ ដោយមានភ្ញៀវចេញចូលយ៉ាងអ៊ូអរជារៀងរាល់ថ្ងៃ។ ក្រោយការស៊ើបអង្កេត និងស្រាវជ្រាវអស់រយៈពេលមួយសន្ទុះ សមត្ថកិច្ចបានសម្រេចចិត្តបើកប្រតិបត្តិការឆ្មក់បង្ក្រាបជាក់ស្ដែងតែម្ដង ដើម្បីជួយសង្គ្រោះនារីរងគ្រោះ និងទប់ស្កាត់បទល្មើសនេះ។

បច្ចុប្បន្ន បុរសជាម្ចាស់ហាង រួមទាំងនារីរងគ្រោះទាំង ១២នាក់ ត្រូវបានបញ្ជូនទៅកាន់មូលដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីធ្វើការសួរនាំ និងបន្តនីតិវិធីច្បាប់ជាធរមាន។ ករណីនេះ កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីមហាជន។
ដោយ៖ សុខា សែនជ័យ

administrator

Related Articles