ភ្នំពេញ៖ ដំណឹងដ៏ក្រៀមក្រំមួយបានកើតឡើងកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស បានឆក់យកអាយុជីវិតមនុស្សរហូតដល់ ៩នាក់ និងបន្សល់ទុកអ្នករបួសធ្ងន់ស្រាល ៨នាក់។ នេះបើយោងតាមទិន្នន័យផ្លូវការពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍បានឲ្យដឹងថា ក្នុងចំណោមគ្រោះថ្នាក់ចរាចរណ៍ ១០លើក ដែលកើតឡើងក្នុងរយៈពេល ២៤ម៉ោង (គិតពីម៉ោង ២រសៀល ថ្ងៃទី១៥ ដល់ម៉ោង ២រសៀល ថ្ងៃទី១៦ វិច្ឆិកា) គឺ ៧លើកបានកើតឡើងនៅពេលយប់។ ក្នុងចំណោមអ្នកស្លាប់ទាំង ៩នាក់ គឺសុទ្ធសឹងជាបុរស ចំណែកអ្នករបួសសរុប ៨នាក់ មានស្ត្រី ៣នាក់។ គួរឲ្យកត់សម្គាល់ អ្នករបួសធ្ងន់មាន ៧នាក់ (ស្ត្រី ៣នាក់) និងរបួសស្រាល ១នាក់។ ក្រៅពីនេះ មានអ្នកមិនពាក់មួកសុវត្ថិភាពដល់ទៅ ១៣នាក់ ដែលក្នុងនោះ ៩នាក់កើតឡើងនៅពេលយប់។
មូលហេតុចម្បងដែលនាំឲ្យមានគ្រោះថ្នាក់ដ៏គួរឲ្យរន្ធត់នេះ រួមមាន៖ ការបើកបរល្មើសល្បឿន ៣លើក (ស្លាប់ ២នាក់, របួសធ្ងន់ ៣នាក់), ការមិនគោរពសិទ្ធិអាទិភាព ៣លើក (ស្លាប់ ១នាក់, របួសធ្ងន់ ៤នាក់, របួសស្រាល ១នាក់), ការបើកបរមិនប្រកាន់ស្តាំ ២លើក (ស្លាប់ ៣នាក់), ការប្រជែងក្នុងស្ថានភាពគ្រោះថ្នាក់ ១លើក (ស្លាប់ ២នាក់) និងការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង ១លើក (ស្លាប់ ១នាក់)។
«គោរពច្បាប់ចរាចរណ៍ គឺស្មើនឹងគោរពជីវិតខ្លួនឯង!» គឺជាសារក្រើនរំលឹកដ៏មានតម្លៃដែលសមត្ថកិច្ចតែងតែលើកឡើង។ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ បង្កើនការប្រុងប្រយ័ត្នខ្ពស់ និងចូលរួមគោរពច្បាប់ចរាចរណ៍ឲ្យបានខ្ជាប់ខ្ជួន ដើម្បីសុវត្ថិភាពទាំងអស់គ្នា និងកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍នៅលើដងផ្លូវ។
ដោយ៖ តារា
