ភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយឥណ្ឌូណេស៊ី បានបញ្ជាក់ពីចំនួនអ្នកស្លាប់យ៉ាងហោចណាស់ ១១ នាក់ និងអ្នកបាត់ខ្លួន ១២ នាក់ បន្ទាប់ពីហេតុការណ៍រអិលបាក់ដីដ៏សោកនាដកម្មមួយ នៅលើកោះជ្វាកណ្ដាល កាលពីថ្ងៃសៅរ៍ ទី១៥ ខែវិច្ឆិកា។ ក្រុមអ្នកជួយសង្គ្រោះកំពុងបង្កើនល្បឿនក្នុងការស្វែងរកជនរងគ្រោះដែលនៅសេសសល់។

ហេតុការណ៍រអិលបាក់ដីនេះ បានកើតឡើងតាំងពីថ្ងៃព្រហស្បតិ៍ ក្នុងទីក្រុង Cilacap ដែលបានកប់លំនៅឋានចំនួន ១២ ខ្នង នៅក្នុងភូមិ Cibeunying។ ប្រតិបត្តិការជួយសង្គ្រោះកំពុងជួបការលំបាក ដោយសារតែជនរងគ្រោះត្រូវបានកប់យ៉ាងជ្រៅពី ៣ ទៅ ៨ ម៉ែត្រ។
លោក Abdul Muhari អ្នកនាំពាក្យទីភ្នាក់ងារ បានថ្លែងប្រាប់សារព័ត៌មាន Reuters ថា ក្រុមជួយសង្គ្រោះបានរកឃើញសាកសពចំនួន ១១ នាក់ ដោយ ៣ នាក់កាលពីថ្ងៃមុន និង ៨ នាក់ទៀតនៅថ្ងៃនេះ។ ទន្ទឹមនឹងនេះ មនុស្សចំនួន ១២ នាក់ផ្សេងទៀត នៅតែបន្តបាត់ខ្លួន។
ទីភ្នាក់ងារឧតុនិយមបានព្រមានថា រដូវវស្សានៅក្នុងប្រទេសឥណ្ឌូណេស៊ី ដែលចាប់ផ្ដើមពីខែកញ្ញា រហូតដល់ខែមេសា អាចនឹងនាំមកនូវហានិភ័យខ្ពស់នៃទឹកជំនន់ និងភ្លៀងធ្លាក់ខ្លាំង។ កាលពីខែមករា ក៏ធ្លាប់មានករណីរអិលបាក់ដីមួយផ្សេងទៀតបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំងនៅទីក្រុង Pekalongan នៃកោះជ្វាកណ្តាល ដែលបានបណ្ដាលឱ្យមនុស្សយ៉ាងហោចណាស់ ២៥ នាក់ស្លាប់ផងដែរ។
