លោក ដូណាល់ ត្រាំ ចុះបញ្ជាបន្ទាន់! កាត់បន្ថយពន្ធអាហារជាង ២០០ មុខ ដើម្បីទប់ទល់នឹងតម្លៃឡើងថ្លៃនៅអាមេរិក

លោក ដូណាល់ ត្រាំ ចុះបញ្ជាបន្ទាន់! កាត់បន្ថយពន្ធអាហារជាង ២០០ មុខ ដើម្បីទប់ទល់នឹងតម្លៃឡើងថ្លៃនៅអាមេរិក

ដើម្បីបន្ធូរបន្ថយបន្ទុកចំណាយរបស់ប្រជាពលរដ្ឋអាមេរិក ដែលកំពុងប្រឈមនឹងការកើនឡើងតម្លៃទំនិញនៅលើទីផ្សារ ប្រធានាធិបតី លោក ដូណាល់ ត្រាំ កាលពីថ្ងៃសៅរ៍ ទី១៥ ខែវិច្ឆិកា បានសម្រេចចុះហត្ថលេខាលើក្រឹត្យកាត់បន្ថយពន្ធលើមុខទំនិញកសិកម្មនាំចូលសំខាន់ៗជាង ២០០ មុខ រួមមាន កាហ្វេ សាច់គោ ចេក និងទឹកក្រូច ជាដើម។ ការសម្រេចចិត្តនេះធ្វើឡើងចំពេលមានការរអ៊ូរទាំកាន់តែខ្លាំងពីសំណាក់អ្នកប្រើប្រាស់ជុំវិញបញ្ហាឡើងថ្លៃគ្រឿងទេស។

បើតាមការចុះផ្សាយរបស់ភ្នាក់ងារព័ត៌មាន CNN ការសម្រេចចិត្តកាត់បន្ថយពន្ធរបស់លោកប្រធានាធិបតី បានចូលជាធរមានតាំងពីថ្ងៃទី១៣ ខែវិច្ឆិកា។ នេះជាការផ្លាស់ប្តូរគោលនយោបាយដ៏សំខាន់មួយសម្រាប់លោក ត្រាំ ដែលកន្លងមកធ្លាប់បានអះអាងថា ពន្ធនាំចូលដ៏ទូលំទូលាយដែលលោកបានដាក់នៅពាក់កណ្តាលឆ្នាំនេះ នឹងមិនបង្កឱ្យមានអតិផរណានោះទេ។

យ៉ាងណាមិញ ក្រឹត្យនេះមិនបានលើកលែងពន្ធទាំងស្រុងនោះទេ ពោលគឺទំនិញទាំងនេះនៅតែត្រូវជាប់ពន្ធមួយចំនួនចាប់ពី ១០% ដល់ ៥០% ដដែល គ្រាន់តែត្រូវបានកាត់បន្ថយប៉ុណ្ណោះ។

ទំនិញជាច្រើនដែលស្ថិតក្រោមអត្រាពន្ធនេះ បានកើនឡើងថ្លៃយ៉ាងគំហុកតាំងពីដើមឆ្នាំ ២០២៥ ដែលមួយផ្នែកបណ្ដាលមកពីពន្ធរបស់សហរដ្ឋអាមេរិក និងកង្វះការផ្គត់ផ្គង់ក្នុងស្រុក។ ជាឧទាហរណ៍ ប្រទេសប្រេស៊ីល ដែលជាអ្នកផ្គត់ផ្គង់កាហ្វេដ៏ធំរបស់អាមេរិក បានរងពន្ធរហូតដល់ ៥០% តាំងពីខែសីហា។ តាមរបាយការណ៍សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់ ក្នុងខែកញ្ញាឆ្នាំនេះ ប្រជាជនអាមេរិកត្រូវចំណាយប្រាក់ជិត ២០% បន្ថែមទៀតសម្រាប់ទិញកាហ្វេ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ការកាត់បន្ថយពន្ធលើផលិតផលកសិកម្មនាំចូលនេះ កើតឡើងក្រោយពេលដែលអ្នកបោះឆ្នោតអាមេរិកបានបង្ហាញការមិនពេញចិត្តចំពោះស្ថានភាពសេដ្ឋកិច្ចបច្ចុប្បន្ន នៅក្នុងការស្ទង់មតិកាលពីដើមខែនេះ ដោយបានបោះឆ្នោតគាំទ្រគណបក្សប្រជាធិបតេយ្យនៅក្នុងរដ្ឋជាច្រើន។

កាលពីដើមសប្ដាហ៍នេះ លោករដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ Scott Bessent បានបញ្ជាក់ថា ការកាត់បន្ថយពន្ធនេះផ្តោតជាពិសេសលើទំនិញដែលមិនត្រូវបានដាំដុះ ឬកែច្នៃនៅសហរដ្ឋអាមេរិក ស្របពេលដែលកិច្ចព្រមព្រៀងក្របខ័ណ្ឌពាណិជ្ជកម្មចំនួន ៩ កិច្ចព្រមព្រៀងទ្វេភាគីចុងក្រោយចំនួន ២ និងកិច្ចព្រមព្រៀងវិនិយោគចំនួន ២ ត្រូវបានបញ្ចប់។

ទោះបីជាយ៉ាងណាក៏ដោយ ការលើកលែងពន្ធនេះត្រូវបានស្វាគមន៍ និងសរសើរដោយក្រុមឧស្សាហកម្មជាច្រើន ប៉ុន្តែក៏មានការមិនពេញចិត្តពីសំណាក់ក្រុមមួយចំនួនទៀត ដែលផលិតផលរបស់ពួកគេមិនត្រូវបានលើកលែងដែរ។

administrator

Related Articles