ក្រសួងការងារនាំពិព័រណ៍ការងារដល់មូលដ្ឋាន! អតីតពលករត្រឡប់ពីថៃ សប្បាយចិត្តរីករាយ ទទួលបានឱកាសការងារជិត ១,២ម៉ឺនកន្លែង!

ក្រសួងការងារនាំពិព័រណ៍ការងារដល់មូលដ្ឋាន! អតីតពលករត្រឡប់ពីថៃ សប្បាយចិត្តរីករាយ ទទួលបានឱកាសការងារជិត ១,២ម៉ឺនកន្លែង!

(បាត់ដំបង)៖ អតីតពលករខ្មែររាប់រយនាក់ ដែលបានត្រឡប់មកពីប្រទេសថៃ ក្នុងខេត្តបាត់ដំបង កំពុងតែបង្ហាញក្ដីរីករាយយ៉ាងខ្លាំង ចំពោះគំនិតផ្ដួចផ្ដើមរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលបាននាំយកពិព័រណ៍ការងារដ៏ធំមួយ មកដល់មូលដ្ឋានភូមិស្រុករបស់ពួកគាត់ផ្ទាល់។ ពិព័រណ៍នេះបានផ្ដល់ឱកាសការងាររហូតដល់ ១១,០០០ កន្លែង វគ្គបណ្ដុះបណ្ដាលជំនាញបច្ចេកទេសវិជ្ជាជីវៈ ក៏ដូចជាអត្ថប្រយោជន៍នានាពី ប.ស.ស.។

ក្ដីសប្បាយរីករាយនេះ បានកើតឡើងចំពេលដែលក្រសួងការងារ រៀបចំព្រឹត្តិការណ៍ «ពិព័រណ៍ការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ» ដ៏អធិកអធមមួយ នៅវត្តសុវណ្ណបុប្ផារាមថ្មគោល ស្ថិតក្នុងស្រុកថ្មគោល ខេត្តបាត់ដំបង កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥។ ព្រឹត្តិការណ៍នេះ ត្រូវបានរៀបចំឡើងយ៉ាងពិសេស សម្រាប់បងប្អូនអតីតពលករដែលទើបត្រឡប់មកពីប្រទេសថៃ។

អ្នកស្រី ស៊ាង សាន្ត អតីតពលករម្នាក់ក្នុងចំណោមអ្នកចូលរួម បានបង្ហាញអារម្មណ៍រំភើបយ៉ាងក្រៃលែង ដែលបានចូលរួមក្នុងពិព័រណ៍នេះ។ អ្នកស្រីបានថ្លែងអំណរគុណចំពោះការរៀបចំដ៏ល្អប្រសើរ រួមទាំងការដឹកជញ្ជូន អាហារ និងភេសជ្ជៈដោយឥតគិតថ្លៃ។ បន្ទាប់ពីសាកសួរព័ត៌មានពីក្រុមហ៊ុនជាច្រើន អ្នកស្រីបានសម្រេចចិត្តដាក់ពាក្យចូលបម្រើការងារក្នុងវិស័យសំណង់។

អ្នកស្រី ស៊ាង សាន្ត បានគូសបញ្ជាក់ថា៖ «កាលពីមុន យើងត្រូវទៅរកការងារធ្វើដល់ភ្នំពេញ ជួនកាលបានធ្វើ ជួនកាលអត់បានធ្វើ ហើយនៅឆ្ងាយទៀត។ តែឥឡូវក្រសួងរៀបចំមកដល់ភូមិស្រុកយើងនេះ ធ្វើឱ្យយើងមានការងាយស្រួលណាស់!»។ ការរៀបចំពិព័រណ៍ការងារមកដល់មូលដ្ឋានបែបនេះ ពិតជាបានជួយសម្រួលដល់អតីតពលករជាច្រើនទៀត ដែលកំពុងស្វែងរកការងារធ្វើ។

ជាមួយគ្នានេះ លោក ខ្លូត ធា អតីតពលករម្នាក់ទៀត ក៏បានសម្តែងក្ដីសប្បាយរីករាយផងដែរ ដោយសារមានឱកាសការងារច្រើនសម្រាប់ជ្រើសរើស។ លោកក៏បានទទួលអត្ថប្រយោជន៍ដូចអ្នកស្រី ស៊ាង សាន្ត ដែរ គឺការដឹកជញ្ជូនដោយឥតគិតថ្លៃ អាហារ ភេសជ្ជៈ និងសូម្បីតែការកាត់សក់ឥតគិតថ្លៃ។ លោកបានបន្ថែមថា៖ «វាងាយស្រួលច្រើន ណាមួយយើងអត់ខាតពេលវេលា ដើររកតាមខេត្ត តាមរាជធានីភ្នំពេញ។ ឥឡូវនេះ ក្រសួងការងាររៀបចំឱ្យក្រុមហ៊ុនមកសម្ភាសន៍ផ្ទាល់តែម្ដង ងាយស្រួលមែនទែន!»។ ក្នុងពិព័រណ៍នេះ លោកបានដាក់ពាក្យ៣កន្លែង ហើយសង្ឃឹមយ៉ាងមុតមាំថានឹងទទួលបានការងារធ្វើ។

ចំណែកលោក ម៉ាន សេរី ក៏ជាអតីតពលករមកពីប្រទេសថៃ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាល និងក្រសួងការងារ ដែលបានគិតគូរដល់ពលករខ្មែរទាំងអស់។ លោកបានបញ្ជាក់ថា៖ «ងាយស្រួលត្រង់ថា មកដល់ភូមិហើយ មានឡានជូនដល់កន្លែងសម្ភាសន៍ការងារទៀត»។ ការរៀបចំពិព័រណ៍នៅតាមខេត្តបែបនេះ ពិតជាបានបង្កលក្ខណៈងាយស្រួលយ៉ាងខ្លាំង សម្រាប់អតីតពលករក្នុងការស្វែងរកការងារធ្វើ។

អតីតពលករទាំង ៣ រូបខាងលើ បានអំពាវនាវដល់បងប្អូនពលករខ្មែរដែលកំពុងធ្វើការនៅប្រទេសថៃ សូមត្រឡប់មកស្រុកកំណើតវិញ ព្រោះកម្ពុជាមិនខ្វះការងារធ្វើនោះទេ។ ពួកគាត់ក៏បានលើកទឹកចិត្តអតីតពលករផ្សេងទៀត ឱ្យចូលរួមក្នុងពិព័រណ៍ការងារដែលរៀបចំដោយក្រសួងការងារ ដើម្បីកុំឱ្យបាត់បង់ឱកាសការងារល្អៗទាំងនេះ។

administrator

Related Articles