រាជធានីភ្នំពេញ ៖ បុរសវ័យជាង ២០ឆ្នាំម្នាក់ បានបាត់បង់ជីវិតយ៉ាងអាណោចអាធ័ម ខណៈកំពុងជិះម៉ូតូឆ្លងកាត់ស្តុបជា សុផារ៉ា ស្រាប់តែមានរថយន្តមួយគ្រឿងបើកបុកយ៉ាងពេញទំហឹង បណ្ដាលឲ្យហោះប៉ើងទៅបោកជាមួយបង្គោលភ្លើង ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។

ហេតុការណ៍ដ៏រន្ធត់នេះ បានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង កាលពីវេលាម៉ោងប្រមាណ ១១ និង ១៥នាទីយប់ ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅចំណុចស្តុបជា សុផារ៉ា តាមបណ្ដោយផ្លូវលេខ ៥៩៨ សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលឃើញហេតុការណ៍ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសរងគ្រោះអាយុជាង ២០ឆ្នាំ ជិះម៉ូតូមួយគ្រឿងម៉ាក Zoomer X ពណ៌ទឹកក្រូចស ពាក់ស្លាកលេខ ក្រចេះ 1D-9646 បើកបរតាមបណ្ដោយផ្លូវលេខ ១៨០០ ។ លុះមកដល់ចំណុចស្តុបកើតហេតុ ក៏ស្រាប់តែមានរថយន្តមួយគ្រឿងម៉ាក Highlander ពណ៌ឈាមជ្រូក ពាក់ស្លាកលេខ ភ្នំពេញ 2AS-4450 ដែលកំពុងបើកបរតាមបណ្ដោយផ្លូវលេខ ៥៩៨ ទើបតែចេញពីចូលរួមពិធីមង្គលការ បានជ្រុលទៅបុកម៉ូតូជនរងគ្រោះយ៉ាងពេញទំហឹង បណ្ដាលឲ្យបុរសរងគ្រោះហោះប៉ើងទៅបោកក្បាលជាមួយបង្គោលភ្លើង បាត់បង់ជីវិតភ្លាមៗតែម្តង។

ភ្លាមៗនោះ សមត្ថកិច្ចកម្លាំងអន្តរាគមន៍របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលកំពុងល្បាតតាមផ្លូវលេខ ៥៩៨ ក៏ប្រទះឃើញហេតុការណ៍ ក៏បានធ្វើការប្រដេញតាមរថយន្តបង្ក និងឃាត់បាននៅក្បែរស្តុបកាំកូស៊ីធី។ ស្របពេលនោះ សមត្ថកិច្ចបានឃាត់ខ្លួនអ្នកបើកបររថយន្តបង្ក បញ្ជូនទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលទួលសង្កែទី២ ដើម្បីសួរនាំ និងចាត់ការតាមនីតិវិធី។

ក្រោយកើតហេតុភ្លាមៗ សមត្ថកិច្ចជំនាញការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះមកធ្វើការវាស់វែង និងស្ទូចយកម៉ូតូ រួមទាំងរថយន្តបង្ក ទៅរក្សាទុកនៅការិយាល័យ ដើម្បីរង់ចាំដោះស្រាយតាមផ្លូវច្បាប់នៅពេលក្រោយ។

ចំណែកសពរបស់ជនរងគ្រោះ ត្រូវបានប្រគល់ជូនក្រុមគ្រួសារ និងសាច់ញាតិ ដើម្បីយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណីនៅគេហដ្ឋាន។


