អន្តរជាតិ ៖ នាយករដ្ឋមន្ត្រីថៃ លោក អានុទីន ឆានវីរៈគុល ដែលធ្លាប់ប្រើពាក្យសម្ដីយ៉ាងព្រហើនថា នឹងមិនចរចាជាមួយកម្ពុជាដាច់ខាតលើបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ ហើយថែមទាំងអួតថា ទោះបីសហរដ្ឋអាម៉េរិកដំឡើងពន្ធ ១០០% លើទំនិញថៃ ក៏លោកមិនខ្លាចដែរនោះ ឥឡូវនេះ កំពុងប្រឈមមុខនឹងការពិតដ៏ជូរចត់។ រដ្ឋបាលរបស់លោក ដូណាល់ ត្រាំ បានព្រមានផ្អាកការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយថៃ ដែលបានធ្វើឱ្យនាយករដ្ឋមន្ត្រីរូបនេះភ័យស្លន់ស្លោ និងបង្កភាពចលាចលពេញប្រទេស។
អនុតំណាងពាណិជ្ជកម្មអាម៉េរិក កាលពីថ្ងៃទី ១៤ វិច្ឆិកា កន្លងទៅ បានផ្ញើលិខិតមួយច្បាប់ទៅរាជរដ្ឋាភិបាលថៃ ដើម្បីស្នើសុំផ្អាកការចរចាជាបណ្តោះអាសន្ន សម្រាប់កិច្ចព្រមព្រៀងក្របខ័ណ្ឌពាណិជ្ជកម្មទៅវិញទៅមកថៃ-អាម៉េរិក។ ការស្នើសុំនេះ ធ្វើឡើងក្រោយថៃបំពានបទឈប់បាញ់ កិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ ដែលមានលោក ដូណាល់ ត្រាំ ប្រធានាធិបតីអាម៉េរិកជាសាក្សី។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានថៃ khaosod English។
ប្រភពពីសារព័ត៌មានថៃ khaosod English បានរាយការណ៍ពីកិច្ចសន្ទនារវាងនាយករដ្ឋមន្ត្រីថៃ លោក អានុទីន ឆានវីរៈគុល ជាមួយលោក ដូណាល់ ត្រាំ ប្រធានាធិបតីអាម៉េរិក ពាក់ព័ន្ធនឹងការគោរពកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ ដែលបានចុះនៅថ្ងៃទី ២៦ តុលា ឆ្នាំ២០២៥។
អ្នកនាំពាក្យក្រសួងការបរទេសថៃ លោក Nikorndej បានលើកឡើងពីលិខិតដែលអាម៉េរិក បានផ្ញើជូនមកដល់រាជរដ្ឋាភិបាលថៃ ដើម្បីសុំផ្អាកការចរចាជាបណ្តោះអាសន្ន សម្រាប់កិច្ចព្រមព្រៀងក្របខ័ណ្ឌពាណិជ្ជកម្មទៅវិញទៅមកថៃ-អាម៉េរិក។ លោកក៏បានសង្ឃឹមថា ដំណោះស្រាយចំពោះជម្លោះព្រំដែនកម្ពុជា-ថៃ អាចត្រូវបានរកឃើញយ៉ាងឆាប់រហ័ស ហើយការចរចានឹងបើកឡើងវិញ នៅពេលថៃគោរពបានល្អនៃកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ។
យ៉ាងណាមិញ បើតាមសារព័ត៌មានថៃ khaosod English រាជរដ្ឋាភិបាលថៃ បានសម្តែងការខកចិត្ត ចំពោះជំហររបស់តំណាងពាណិជ្ជកម្មអាម៉េរិក និងបានអះអាងយ៉ាងខ្ជាប់ខ្ជួនថា បញ្ហាសន្តិសុខ និងសុវត្ថិភាព ជាពិសេសបញ្ហាទ្វេភាគីរវាងថៃ និងកម្ពុជា ត្រូវតែចាត់ទុកដាច់ដោយឡែកពីបញ្ហាពាណិជ្ជកម្ម ដែលជាបញ្ហាទ្វេភាគីនៃផលប្រយោជន៍ទៅវិញទៅមករវាងប្រទេសថៃ និងសហរដ្ឋអាម៉េរិក។ សំខាន់ អានុទីន ដែលធ្លាប់អួតថា ទោះពាណិជ្ជកម្មថៃជាមួយអាម៉េរិកមានទឹកប្រាក់ ៨ពាន់លានដុល្លារក្នុងមួយឆ្នាំ ត្រូវអាម៉េរិកដំឡើងពន្ធ ១០០% ក៏ដោយ ក៏ប្រទេសខ្លួនមានទីផ្សារផ្សេងទៀតក្រៅពីអាម៉េរិកដែរនោះ ឥឡូវនេះប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានឱ្យតាមសំណើអំនួតជូននាយករដ្ឋមន្ត្រីថៃហើយ។
ដោយ ៖ សិលា
