រដ្ឋបាលខណ្ឌ៧មករា ក្រោមការដឹកនាំដ៏ខ្ជាប់ខ្ជួនពីរដ្ឋបាលរាជធានីភ្នំពេញ តែងតែប្ដេជ្ញាចិត្តខ្ពស់ក្នុងការយកចិត្តទុកដាក់លើបរិស្ថាន សណ្ដាប់ធ្នាប់សាធារណៈ ជាពិសេសការដោះស្រាយបញ្ហាផ្លូវខូចជង្ហុកសំបុកមាន់ និងប្រព័ន្ធលូនានា។ កិច្ចការទាំងនេះធ្វើឡើងក្នុងគោលបំណងធានានូវភាពងាយស្រួលក្នុងការធ្វើដំណើរ បង្កើនសោភ័ណភាពតាមដងផ្លូវ និងរួមចំណែកដល់សម្រស់ដ៏ស្រស់ត្រកាលនៃបេះដូងរាជធានីភ្នំពេញ។

ជាក់ស្ដែង កាលពីព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ លោក កេត ឧត្តម អភិបាលរងខណ្ឌ៧មករា តំណាងដ៏ខ្ពង់ខ្ពស់លោក ថេង សុថុល អភិបាលខណ្ឌ បានអញ្ជើញចូលរួមបើកការដ្ឋានជួសជុលអ៊ុតកៅស៊ូផ្លូវលេខ១៦៨ និងផ្លូវលេខ១៦៦ នៃគម្រោងអភិវឌ្ឍន៍សង្កាត់អូរឫស្សីទី១ និងសង្កាត់អូរឫស្សីទី៤ សម្រាប់ឆ្នាំ២០២៥។

ក្នុងឱកាសនោះ លោក កេត ឧត្តម បានគូសបញ្ជាក់ថា កន្លងមកកំណាត់ផ្លូវទាំងពីរខ្សែនេះបានរងការខូចខាតស្ទើរទាំងស្រុង ដែលបង្កការលំបាកដល់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរ។ ដូច្នេះរដ្ឋបាលខណ្ឌ រួមជាមួយសង្កាត់ពាក់ព័ន្ធ បានសម្រេចជួសជុលកែលម្អកំណាត់ផ្លូវទាំងនេះឡើងវិញ ដើម្បីផ្ដល់ភាពងាយស្រួល និងសុវត្ថិភាពដល់ការធ្វើចរាចរណ៍របស់បងប្អូនប្រជាពលរដ្ឋ។

លោកអភិបាលរងខណ្ឌក៏បានបន្ថែមថា ចៅសង្កាត់ដែលជាម្ចាស់មូលដ្ឋានផ្ទាល់ ត្រូវតែបង្កើនការឧស្សាហ៍ចុះត្រួតពិនិត្យ និងតាមដានការដ្ឋានដែលកំពុងដំណើរការជាប្រចាំ ធានាថាការងារទាំងអស់អនុវត្តបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ចៀសវាងបង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋ និងជៀសវាងភាពយឺតយ៉ាវនៃកិច្ចសន្យាគម្រោង។

សូមបញ្ជាក់ថា រដ្ឋបាលខណ្ឌ៧មករា នៅតែបន្តយកចិត្តទុកដាក់ខ្ពស់លើការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធក្នុងមូលដ្ឋាន ដូចជាគម្រោងផ្លាស់ប្ដូរការ៉ូឡាលើចិញ្ចើមផ្លូវ គម្រោងជួសជុលផ្លូវអ៊ុតកៅស៊ូ និងការផ្លាស់ប្ដូរប្រព័ន្ធលូជាដើម។ កិច្ចការអភិវឌ្ឍន៍ទាំងអស់នេះគឺដើម្បីបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ និងស្របតាមគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕
